(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានចំណាយពេលមួយថ្ងៃពេញ ដើម្បីកាត់ទោសជនជាប់ចោទ៣នាក់ ពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ។ ក្រោយការសួរដេញដោលរហូតដល់ពេលព្រលប់ លោកចៅក្រម ហេង សុខណា សម្រេចថា សាលក្រមនេះនឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦ ។
ជាការកត់សម្គាល់នៅក្នុងពេលសួរដេញដោល ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ចាយ សារិទ្ធ ឈ្មោះ ម៉ៅ ហឿន និង ឈ្មោះ សុត វណ្ណនី បានឆ្លើយសារភាពដូចៗគ្នាថា ពិតជាបានប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបប្រាកដមែន។ ប៉ុន្តែជនជាប់ចោទបានបដិសេធថា ពុំបានវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះនោះទេ៕