(ភ្នំពេញ)៖ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធី «ប្រកួតប្រកបពាក្យភាសាអង់គ្លេស» វគ្គផ្តាច់ព្រ័ត្រជ្រើសរើសជើងឯក ដែលប្រព្រឹត្តទៅនៅសាលារៀនអន្តរជាតិ អាមេរិកកាំងប្រ៊ីជ សាខាទី១៦ (ភ្នំពេញថ្មី) ក្រោមអធិបតីភាព លោក ស៊ី លាង អគ្គនាយកនៃសាលារៀនអន្តរជាតិអាមេរិកាំង។

ការប្រកួតនេះចែកចេញជា២ក្រុម៖

-ក្រុមទី១ ពីកម្រិត Pre-Level 1A ដល់ Pre-Level 3B ដែលមានបេក្ខជនចូលរួមចំនួន​៤៧នាក់ ហើយបេក្ខជនដែលទទួលជយលាភីលេខ១ ឈ្មោះ ហេង សុខដាលីន លេខ២ ឈ្មោះ ហេង សុខឃាង និងលេខ៣ ឈ្មោះ វណ្ណៈ ពិសិដ្ឋ។

-ក្រុមទី២ ពីកម្រិត Pre-Level 4A ដល់កម្រិត Pre-Level 6B មានបេក្ខជនចូលរួមចំនួន ៤៧នាក់ ហើយអ្នកដែលទទួលជយលាភីរួមមាន លេខ១ ឈ្មោះ ហួត យ៉ានុត លេខ២ ឈ្មោះ មុន្នី វឌ្ឍនៈ និងលេខ៣ មុត រិទ្ធធា រាសា។

សម្រាប់រង្វាន់វិញ អ្នកទទួលបានជយលាភីលេខ១ ទទួលបានមេដាយមាស កាតបញ្ចុះតម្លៃ១០០ដុល្លារ និងវិញ្ញាបនបត្រជយលាភីលេខ១, លេខ២ ទទួលបានមេដាយប្រាក់ កាតបញ្ចុះតម្លៃ៧៥ដុល្លារ និងវិញ្ញាបនបត្រជយលាភីលេខ២ និងជយលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ១ កាតបញ្ចុះតម្លៃ៥០ដុល្លារ និងវិញ្ញាបនបត្រជយលាភីលេខ៣។

ថ្លែងក្នុងឱកាសនោះ លោក ស៉ី លាង បានបញ្ជាក់ថា សិស្សទាំងអស់ដែលទទួលបានជយលាភីនៅថ្ងៃនេះ ត្រូវចាំថា វាមិនមែនជាកាដូ បានមកពីទេវតានោះទេ តែវាបានមកពីការខិតខំប្រឹងប្រែង និងភាពវៃឆ្លាតរបស់ប្អូនៗ ក្មួយៗជាសិស្ស។ ប្អូនៗក្មួយៗ ត្រូវចាំថា គ្មានអ្វីដែលយើងទទួលបានស្រួលៗ ដោយមិនមានការប្រឹងប្រែងនោះទេ ទាល់តែយើងប្រឹងប្រែង ទើបទទួលបាន។

លោក ស៊ី លាង បានបញ្ជាក់ទៀតថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ពិតជាបាននិងកំពុងព្យាយាម បំពេញនូវតម្រូវការរបស់អ្នកទាំងអស់គ្នា ពង្រឹងកិត្យានុភាពរបស់ខ្លួន ពង្រឹងនូវសេវាកម្មផ្សេង របស់សាលាឲ្យបានឆាប់រហ័សជាងមុន ល្អជាងមុន តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្ត្រ គ្រប់គ្រង ការអភិវឌ្ឍចំណេះដឹងរបស់បុគ្គលិកអប់រំ​របស់សាលា ការអភិវឌ្ឍលើកម្មវិធីសិក្សា ការបំពាក់នូវសម្ភារៈបរិក្ខាទំនើបៗ កាបង្កើតនូវកម្មវិធីសិក្សាថ្មីៗ ការពង្រីកនូវសាលារបស់សាលាឲ្យបានច្រើន៕