(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យក្រុមការងារអង្គការ CWS ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពគម្រោង។

ក្រុមអង្គការ CWS បានចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនលោកស្រីអភិបាលអំពីវឌ្ឍនភាពគម្រោង View From the Front Line ២០១៩ (VFL ២០១៩) ក្នុងស្រុកស្រែអំបិល ដែលអនុវត្តក្នុងភូមិគោលដៅចំនួន ៧ភូមិ ដោយផ្ដោតលើការប្រមូលទិន្នន័យពីហានិភ័យ នៃគ្រោះមហន្តរាយការរៀបចំផែនការ និងការអនុវត្តសកម្មភាព ដើម្បីចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ក្នុងជំនួបនេះដែរ លោកស្រីអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណសកម្មភាពមនុស្សធម៌របស់អង្គការ ដើម្បីជួយប្រជាពលរដ្ឋលើការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ជាពិសេសគាំទ្រឱ្យបន្តសកម្មភាព មនុស្សធម៌នេះបន្តទៀត៕