(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម៨ ឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកបណ្ឌិត ងួន ញិុល អនុប្រធានទី២ នៃរដ្ឋសភា ហើយទទួលថវិកាបានប្រមាណ៩៣.០៦២ដុល្លារ ពីថ្នាក់ដឹកនាំ និងសប្បរសជននានា។
លោក អ៊ុត សំអន ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ធំ បានថ្លែងថា វិសាលភាពប្រតិបត្តិការ របស់កាកបាទក្រហមកម្ពុជា មានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់ សេវាមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះ លោក ងួន ញិុល បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិជួយឧបត្ថមគាំទ្រ និង បរិច្ចាគសម្ភារ ថវិកា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញពីវប្បធម៌ នៃការចែករំលែក និងការចូលរួមកម្លាំងមនុស្សធម៌ ដើម្បីបុព្វហេតុមនុស្សជាតិមាតុភូមិ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបការលំបាកដូចជាភ្លើងឆេះផ្ទះ ទឹកជំនន់ រលំផ្ទះ គ្រោះរាំងស្ងួត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ស្ត្រីមានផ្ទៃពោះ ទារក កុមារមានបញ្ហាសុខភាពជាដើម។
ក្នុងនោះដែរលោកបានផ្តាំផ្ញើ សូមគោរពច្បាប់ចរចរណ៍ ឲ្យបានឲ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងមិនត្រូវប្រើប្រាស់សារជាតិញៀន រួមគ្នាកំចាត់ចោលគ្រឿងញៀន ជួយទប់ស្កាត់ការរីករាលដាលគ្រឿងញៀន ផ្ដល់ព័ត៌មានពីការប្រើប្រាស់គ្រឿងញៀន ជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញអនាគត បំផ្លាញក្រុមគ្រួសារ ធ្វើឲ្យអសន្ដិសុខក្នុងប្រទេស កើតការឆក់ប្លន់ កាប់សម្លាប់ ឈ្លោះទាស់ទែងអាចនិយាយបានថាគ្រឿងញៀន ជាឃាតករសំលាប់មនុស្ស និងម្យ៉ាងការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់៕