(កំពង់ឆ្នាំង)៖ អ្នកសាព័ត៌មាន៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនតាមបណ្ដឹងរបស់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលជាអ្នករកស៊ីលក់ម៉ូតូ ស្លាកយីហោ «លី ង៉ូវ» កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ក្រុមអ្នកសារព័ត៌មាន និងអ្នកបើករថយន្ត ដែលត្រូវបាននគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនខាងលើនេះរួមមាន៖

*ទី១៖ ឈ្មោះ សាយ រស្មី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បម្រើការងារនៅអង្គភាពសារព័ត៌មាន រស្មីស្ទឹងត្រង់។
*ទី២៖ ឈ្មោះ ទួន ឈុនលី អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន នៅអង្គភាពរស្មីស្ទឹងត្រង់។
*ទី៣៖ ឈ្មោះ មិន ធី អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅអង្គភាពសារព័ត៌មាន រស្មីបន្ទាយដែក។
*ទី៤៖ ឈ្មោះ ប៊ុត ចន្ថា អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

លោក ពេជ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើនេះ ធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់ផ្ទះលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

តាមពាក្យបណ្តឹង ដោយសារពួកអ្នកសារព័ត៌មានខាងលើនេះ បានទៅដេញដោលសួរនាំពីការលក់ម៉ូតូមានពន្ធ ឬគ្មានពន្ធ ដែលជាការជ្រាតជ្រែកខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈរបសសមត្ថកិច្ច។ អ្នកសារព័ត៌មានទាំង៤នាក់នេះ នឹងត្រូវបញ្ជូនទៅតុលាការចាត់ការបន្តនៅរសៀលថ្ងៃទី២២ ខែមេសានេះ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះថា អ្នកសារព័ត៌មានទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ត្រូវបានចោទពីបទរំលោភលំនៅដ្ឋាន តាមមាត្រា២៩៩ និង២-ចោទពីបទជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ៕