(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងបញ្ជាក់នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំចំនួន០២ ក្នុងស្រុកមេមត់ នៅឃុំដារ ឃុំមេមត់ និងអាជីវករផ្សារមេមេត់ សរុបចំនួន១៦០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើអោយប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះរបស់រាជរដ្ឋាភិបាល។

សូមរំលឹកថាកម្ពុជា បានបញ្ចប់សង្គ្រាមពេញលេញ ទូទាំងប្រទេស ចាប់តាំងពីឆ្នាំ១៩៩៨មក និងបន្តមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះឈ្នះ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ។ ទោះបីជាមានការជួយជ្រោមជ្រែងពីអ៊ុនតាក់ក៏ដោយ ក៏សង្គ្រាមនៅកម្ពុជាមិនទាន់បានបញ្ចប់ គឺប្រទេសយើងនៅតែមានតំបន់ត្រួត្រាពីរ នៅឡើយ។ លោកបណ្ឌិត បានថ្លែងបញ្ជាក់បន្ថែមទៀតថា ដោយសារតែគោលនយោបាយឈ្នះឈ្នះ ទើបប្រទេសយើងអាចស្វែងរកសុខសន្តិភាពទូទាំងប្រទេស ដោយមានរាជរដ្ឋាភិបាលតែមួយ មានបូរណភាពទឹកដីតែមួយ តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងឱកាសនោះដែរលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សម្រាប់សមិទ្ធផលដែលកម្ពុជា កំពុងតែទទួលបានមកនាពេលបច្ចុប្បន្ននេះ គឺទទួលបានដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស បន្ថែមពីសមិទ្ធផលដែលកម្ពុជា កំពុងតែមានប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានធានាលើសុខមាលភាព ការប្រកបរបររកស៊ី ព្រមទាំងឱកាសផ្សេងៗទៀត ក្រោមដំបូលនៃសន្តិភាពមួយនេះ ជាក់ស្តែងពេលថ្មីៗនេះក្នុងពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រជាពលរដ្ឋបានដើរកំសាន្តគ្រប់ទីកន្លែង នេះគឺបង្ហាញពីសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូណ៏ សេរីភាព មិនខ្វល់ពីសង្គ្រាមដូចនៅប្រទេសអ៊ុយក្រែន ឬពីអតីតកាលឡើយ ឥឡូវប្រទេសមានសុខសន្តិភាព យើងមានការរីកចម្រើនច្រើនណាស់ នេះជាសមិទ្ធផលសន្តិភាព ដែលកម្ពុជា រកបានដោយលំបាកខ្លាំងណាស់ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សា ការពារ សុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងដរាប។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការគោរពវីរភាពដ៏អង់អាចក្លាហានរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមគ្គុទេសឯក ស្ថាបនិក បិតាសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ដែលបានតម្តល់ផលប្រយោជន៏ជាតិជាធំ៕