(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ចុះជួយឃុំពពក និងក្រុមការងារ បានចុះពិនិត្យ និងប្រគល់អណ្តូងទឹកស្អាត ចំនួន៤ និងស្រះទឹកចំនួន៣ ជូនប្រជាពលរដ្ឋស្ថិតឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។
ស្រះទឹក និងអណ្តូងទឹកត្រូវបានចំនាយថវិកាអស់ ចំនួន១៧.០៤០.០០០រៀល ដែលជាការចូលរួមរបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់ប្រមុខ
រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់នៅគ្រប់តំបន់ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក គង់ វិមាន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា លោកនឹងខិតខំគៀងគរកសប្បុរសជន ឲ្យបន្តជួយថវិកា ក្នុងការជួយជីកអណ្តូងទឹកស្អាត ស្តារអណ្តូង និងជីកស្រះទឹក ជូនប្រជាពលរដ្ឋជាបន្តទៀត ហើយឃុំពពកនេះពុំមានខ្យល់ព្យុះកន្ត្រាក់ឡើយ តែបើមានគឺថ្នាក់ដឹកនាំខេត្ត នឹងចុះទៅដល់ភ្លាម និងជួយតាមលទ្ធភាពនូវអ្វីដែលគាត់អាចជួយបានក្នុងការសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋ។
លោកបន្តទៀតថា ផែនការជីកអណ្តូងស្តារអណ្តូង ជីកស្រះទឹក នឹងមានជាបន្តទៀត គឺជាដំណាក់ៗកាល និងធ្វើឡើងនៅក្នុងឃុំ គឺមានអណ្តូងលូ ចំនួន៤កន្លែង អណ្តូងស្នប់ ខ្នាតធំ ចំនួន៤កន្លែង អណ្តូងស្នប់ ខ្នាតតូចចំនួន២កន្លែង ស្តារអណ្តូងចាស់ៗ ចំនួន៦កន្លែង ជីកស្រះថ្មី ចំនួន៥កន្លែងស្តាស្រះចាស់ ចំនួន៤កន្លែង ដែលអំណោយ និងថវិកាទាំងនេះ គឺបានមកពីការចូលរួមពីសំនាក់សប្បុរសជន រួមមាន៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន, លោក ចន្ទ័ សុភត្រា្ត មេបញ្ជាការរងកងទ័ពជើងគោក លោក អ៊ីវ បូរិន, លោក សុខ មករា, លោក ងួន ពិសិដ្ឋ និងសប្បុរសជនមកពីប្រទេសអូស្ត្រាលីផងដែរ៕