(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញពីដំណឹងដ៏រីករាយដល់អ្នកភូមិថ្នល់បណ្ដោយ និងភូមិថ្នល់ទទឹង ក្រោយអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យធ្វើផ្លូវបេតុង២ខ្សែកាត់លើខ្នងទំនប់ចាស់ និងបន្ទាប់ពីស្នើសុំរយៈពេលជាង២ឆ្នាំមកនេះ។

នៅទីបំផុត គណៈកម្មាធិការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ក្នុងកិច្ចប្រជុំនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បានអនុញ្ញាតឱ្យរដ្ឋបាលស្រុកបន្ទាយស្រី អាចសាងសង់ផ្លូវបេតុងចំនួន២ខ្សែ លើខ្នងទំនប់ចាស់។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ សរសេរយ៉ាងដូច្នេះថា៖ «បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុងដែលមានប្រវែងសរុបជាង៣គីឡូម៉ែត្រនេះ»

លោក ហ្វីណង់ បញ្ជាក់ថា ការសាងសង់ផ្លូវនេះ ត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌមួយចំនួន ដើម្បីជៀសវាងការប៉ះពាល់ដល់តំបន់មានសក្តានុពលបុរាណដ្ឋានផងដែរ។ ទោះមានលក្ខខណ្ឌទាំងនោះក៏ដោយ តែលោកអភិបាលស្រុករំពឹងថា ផ្លូវបេតុងទាំង២ខ្សែនេះនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលស្រុក រៀបរាប់ថា ទាក់ទងនឹងការបុរាណនេះ កន្លងមករដ្ឋបាលស្រុក ខិតខំប្រឹងប្រែងគ្រប់រូបភាពដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សាអត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញាមិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះប៉ះពាល់ទៅដល់ទេសភាពដែលមានស្រាប់នៅតាមដងផ្លូវឡើយ ជាពិសេសការពារមិនឱ្យបាត់បង់ដើមឈើទាំងអស់ដែលមានស្រេចនៅទីនោះ។

សម្រាប់សមិទ្ធផលផ្លូវបេតុងដែលនឹងលេចជារូបរាងនៅចុងឆ្នាំ២០២២នេះ លោក ហ្វីណង់ សង្ឃឹមថា រុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់ ប្រឡាក់ដោយដី មិនគួរឱ្យទាក់ទាញ នឹងវិលត្រលប់ទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញ ហើយទីធ្លារមុខផ្ទះដែលជាកន្លែងដែលតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ ក៏នឹងប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានកូនក្មេងរត់លេង និងមានអ្នកភូមិលក់ដូររបស់របរហូបចុកជាហូរហែរដូចភូមិព្រះដាក់ផងដែរ។

លោក ហ្វីណង់ ក៏បានអរគុណទៅអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្លូវបេតុងអាចដំណើរការសាងសង់បាន។ ផ្លូវបេតុងទាំង២ខ្សែនេះនឹងត្រូវបានចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ ហើយបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកាអភិវិឌ្ឍន៍មកពីមូលនិធិឃុំ មូលនិធិស្រុក និងមូលនិធិបឹងទន្លេសាបបូកបញ្ចូលគ្នា៕