(ភ្នំពេញ)៖ លោក ជា ចាន់ តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យដោយផ្ទាល់ ចំពោះការប្រឡង Financial Stability Institute (NBC-FSI Connect) លើកទី៤២ និងលើកទី៤៣ ដោយមានសិក្ខាកាមចូលរួមប្រឡងសរុបចំនួន១១៦រូបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

វគ្គ Financial Stability Institute (NBC-FSI Connect) របស់ធនាគារជាតិនៃកម្ពុជា ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់លោក ជា ចាន់ តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីកសាងសមត្ថភាពធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ ជាពិសេសដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបតាមការប្រែប្រួលនៃនិម្មាបនកម្ម ហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យធនាគារ។

វគ្គ NBC-FSI Connect នេះតម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជា៣កម្រិតរួមមាន កម្រិតបឋម, កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។ ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គមួយត្រូវបង្កើតឡើង សម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះ ដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ។

សម្រាប់ថ្ងៃនេះការប្រឡងមានចំនួន២លើក លើកទី៤២ មានសិក្ខាកាមចំនួន ៥៨រូប និងលើកទី៤៣មានសិក្ខាកាមចំនួន៥៨រូប ដែលបានចូលរួមប្រឡងវគ្គ NBC-FSI Connect ទាំង២លើកមានសិក្ខាកាមសរុមចំនួន១១៦រូប។

ដោយឡែកថ្ងៃនេះដដែលក៏មានការប្រឡងតេស្ត សម្រាប់ជ្រើសរើសមន្ត្រីបុគ្គលិកឲ្យចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ជំនាន់ទី៦ដែលមានបេក្ខជន ដាក់ពាក្យសុំការការចូលរួមប្រឡងជ្រើសរើសសរុប១៣៩រូប មានមន្ត្រីបុគ្គលិកទីស្នាក់ការកណ្តាល និងសាខារាជធានីខេត្ត៕។