(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក បានបើកកិច្ចប្រជុំពិភាក្សាលើការងារសំខាន់ៗ និងចាំបាច់មួយចំនួន ដើម្បីពង្រឹងដល់សមាសភាពបន្ថែមទៀត សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំពិភាក្សាលើការងារសំខាន់ៗ និងចាំបាច់មួយចំនួន សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ បានរៀបចំធ្វើឡើង ក្រោមការចូលរួមពីអស់លោក-លោកស្រី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ និងប្រធាន អនុប្រធាន និងសមាជិកបក្សសង្កាត់មួយចំនួនទៀតផងដែរ ស្ថិតនៅមន្ទីរគណបក្សខណ្ឌទួលគោក នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានបន្តជុំរុញដល់មន្ត្រីគណបក្សធ្វើយ៉ាងណា ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានទំនួលខុសត្រូវលើការអនុវត្តភារកិច្ច ដើម្បីទទួលបានជោគជ័យលើការបោះឆ្នោត។ សំខាន់បេក្ខជនពេញសិទ្ធិ និងបម្រុងត្រូវខិតខំទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសបេក្ខជន ដែលកំពុងនៅក្នុងតំណែងត្រូវតែបន្តបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ និងទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក។

លោក ជា ពិសី ក៏បានបញ្ជាក់ផងដែរថា សមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យថ្នាក់ដឹកនាំគណបក្សខណ្ឌ-សង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ក្នុងការដណ្តើមជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣។

លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក ក៏បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន សម្រេចបាននូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់ និងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕