(ភ្នំពេញ)៖ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់កម្ពុជា នារាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

វត្តមានប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌានៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

អំឡុងមានវត្តមាននៅកម្ពុជា លោក អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នឹងមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ចូលជួបសវនាការ និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា លោក អំ បឺរឡា និងគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នាខេត្តសៀមរាបផងដែរ៕