(មណ្ឌលគិរី)៖ ក្រោយពីបញ្ចប់បេសកកម្មរយៈពេល២ថ្ងៃនៅខេត្ដរតនគិរី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានបន្ដចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគិរី។ ក្នុងនោះក៏មានការអមដំណើរដោយ លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្ដមណ្ឌលគិរី សម្រេចបានក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋតាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។ ប៉ុន្ដែលោកស្រី បានណែនាំ និងដាក់ទិសដៅឲ្យអាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ ត្រូវតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារនេះឲ្យបានកាន់តែល្អបន្ថែមទៀត។
លោកស្រី ឱ វណ្ណឌីន ក៏ត្រូវបានអាជ្ញាធរមូលដ្ឋាន រាយការណ៍ឲ្យដឹងអំពីស្ថានភាពនៃការចល័តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ដោយសារតែរដូវនេះពួកគាត់ត្រូវបង្កបង្កើនផលកសិកម្មនៅចំការ ដែលនៅឆ្ងាយពីសហគមន៍។ ដូច្នេះបានបង្កការលំបាកដល់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ សម្រាប់អ្នកដែលដល់ពេលវេលាកំណត់ផងដែរ។
ក្នុងន័យនេះ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានបន្ដណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវតែបង្ខិតការចាក់វ៉ាក់សាំងឲ្យទៅដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដូចអ្វីដែលបានអនុវត្តនាពេលកន្លងមកបន្ថែមទៀត សំដៅធ្វើយ៉ាងណាជំរុញដល់ប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ ត្រូវតែមកចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៉ាំក្នុងសហគមន៍ គ្រាដែលខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកកាតព្វកិច្ចពាក់ម៉ាស់ហើយនោះ។
យ៉ាងណាក៏ដោយ លោកស្រី វេជ្ជបណ្ឌិត លី អាយលែន ក៏បានបង្ហាញនូវការយល់ឃើញផងដែរ ពាក់ព័ន្ធដំណើរការចាក់វ៉ាក់សាំងនៅខេត្តភាគឦសាន្ដមួយនេះ។ លោកស្រី បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខិតខំប្រឹងប្រែងបំពេញកិច្ចការងារនេះបានយ៉ាងល្អ ដែលអាចបង្កលក្ខណៈឲ្យកម្ពុជាអាចបើកដំណើរការប្រទេសវិញបាន៕
ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃកិច្ចសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន៖