(កណ្តាល)៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បាននាំយកថវិការបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ទៅប្រគល់ជូនគ្រួសារសពមន្រ្តីនគរបាលទាំង២នាក់ ដែលបានស្លាប់ពេលចុះបង្ក្រាបគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ដោយសារក្រុមជនល្មើសបាញ់ប្រហារ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាននៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ផងដែរថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ មន្រ្តីនគរបាលរបស់លោកចំនួន២រូបបានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់ រីឯជនសង្ស័យត្រូវបានស្លាប់ម្នាក់ផងដែរពេលចុះបង្ក្រាបនោះ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។ រីឯជនសង្ស័យដែលស្លាប់ពុំទាន់បានស្គាល់ឈ្មោះនៅឡើយទេ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ម្នាក់បានស្លាប់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ៕