(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថាលោកវរសេនីយ៏ត្រី ជុច សុភា អាយុ៥០ឆ្នាំ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច និងលោក រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានពលីជីវិតកាលពីរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។

ក្នុងឱកាសដ៏សែនសោកសង្រេងនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានចាត់ទុកនូវមរណភាពរបស់លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ឯក រឹម សុផាន់ណា គឺជាការបាត់បង់កូន ស្វាមី និងឪពុកជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហាន ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិតប្រកបដោយ កិត្តិយស ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយពលិកម្មរបស់ពួកគេ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងទទួលបាននូវការគោរពកោតសរសើរស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរ។

ក្នុងឱកាសដ៏សែនសោកសង្រេងនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់មន្រ្តីនគរបាលទាំង២ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់ រីឯកជនល្មើសម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន៕