(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក ប្លែក វ៉ារី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តបន្ទាយមានជ័យ, លោក ខេង ស៊ុម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចំនួន៣១២នាក់ផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីប្រវត្តិ នៃការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការងារចលនាសាសនិកឥស្លាមទូទាំងប្រទេស ក្នុងការអនុវត្តការងារបោះឆ្នោតតាមផែនការរបស់គណបក្ស។

លោកបណ្ឌិត ក៏បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាគណបក្សនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រធាន តែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ដូចជាពេលថ្មីៗនេះ សម្ដេចតេជោ បានដោះស្រាយជូនសហគមន៍ឥស្លាម ដោយផ្ដល់ដីបញ្ចុះសពសម្រាប់សាសនិកឥស្លាមកម្ពុជាដែលទទួលមរណភាពដោយសារកូវីដ១៩ ដើម្បីរៀបចំសពទាំងនោះតាមប្រពៃណីសាសនាឥស្លាមផងដែរ។

បន្ថែមពីនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានរំលឹក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្ត១នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាម រស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

ជាមួយគ្នានោះ លោកមបណ្ឌិត បានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមក្នុងតំបន់ ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត៕