(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានបន្តដឹកនាំគណៈប្រតិភូ កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ នគរបាលការពារព្រំដែនគោកចុះ ត្រួតពិនិត្យតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃ និងសាកសួរសុខទុក្ខ លើកទឹកចិត្តដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារ តាមគោលដៅបន្ទាត់ព្រំដែន។

នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងខេត្តទទួលផែនអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តទទួលបន្ទុកផែនព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរការពារព្រំដែនគោក៨៩១, លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត, លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត និងកម្លាំងប្រដាប់អាវុធមួយចំនួនទៀតផងដែរ។

នាឱកាសនោះលោក ខេង ស៊ុម និងលោក អ៊ុ រាត្រី ក៏បានជំរុញឱ្យកម្លាំងទាំងអស់ត្រូវចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពង្រឹងវិធានការឱ្យបានតឹងរ៉ឹងបំផុត ចំពោះប្រជាពលរដ្ឋ ពលករចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ការ ចម្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះលោក ក៏បានស្នើនឹងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងបានព្រមានចាត់វិធានការក្តៅចំពោះបុគ្គល ឫមេខ្យល់ណា ដែលហ៊ានបំពានពាក់ព័ន្ធករណី ឆ្លងដែនខុសច្បាប់ នឹងត្រូវទទួលទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការយោគយល់ឡើយ៕