(ភ្នំពេញ)៖ អ្នកស្រី ភាវ ម៉ី ភរិយារបស់លោក ណៃ វងដា មន្រ្តីសិទ្ធិមនុស្សអាដហុកម្នាក់ ក្នុងចំណោមមន្រ្តីសិទ្ធិមនុស្សអាដហុកទាំង ៤នាក់ ដែលត្រូវបានតុលាការឃុំខ្លួនពីបទសូកប៉ាន់សាក្សីនោះ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សើរើសំណុំរឿងស្វាមី របស់អ្នកស្រីឡើងវិញ។ អ្នកស្រី ភាវ ម៉ី អះអាងថា ស្វាមីរបស់អ្នកស្រី រួមនិងមន្រ្តីសិទ្ធិមនុស្សដទៃទៀត មិនបានធ្វើសកម្មភាព ដើម្បីបម្រើដល់បក្សនយោបាយ ឬសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលនោះឡើយ អ្វីដែលបានធ្វើពាក់ព័ន្ធស្រីមុំ ដើម្បីការពារសិទ្ធិមនុស្សតែប៉ុណ្ណោះ។
ការថ្លែងទទូចរបស់អ្នកស្រី ភាវ ម៉ី បានធ្វើឡើងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហើបតម្រុយវិជ្ជមានមួយហាក់ចង់ផ្តល់ពន្លឺសេរីភាពជូនដល់មន្រ្តីសិទ្ធិមនុស្សអាដហុកទាំង ៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦ សប្តាហ៍មុននេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យវ៉ាន់ដានាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងគិតប្រសិនបើគេដើរតួស្លូត។ សម្តេចតេជោ បានបន្តថា នៅពេលសាលក្រមចូលជាស្ថាពរ សម្តេចអាចស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ឬបន្ធូបន្ថយទោសនៅពេលណាក៏បានដែរ។ តែសម្តេចនាយករដ្ឋមន្រ្តី ក៏បានព្រមានដែរថា ប្រសិនបើមានការធ្វើសកម្មភាព ដូចជាយុទ្ធនាការអាវខ្មៅនោះ នឹងមិនមានអ្វីប្រសើរដល់អ្នកជាប់ឃុំនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំបញ្ជាក់អ្នកឯងស្លូត ខ្ញុំក៏ត្រូវគិតដែរ បើអ្នកឯងព្រហើន ខ្ញុំក៏ត្រូវគិតដែរ ព្រោះអីចេះ ឥឡូវដំណើរការរបស់តុលាការ ខ្ញុំអត់មានសិទ្ធិលូកលាន់ទេ ប៉ុន្តែរួចពីដំណើរការរបស់តុលាការ ពេលសាលក្រមចូលជាស្ថាពរវាស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្រ្តីវិញ ព្រោះច្បាប់ពន្ធនាគារ គេអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី ធ្វើការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស ឬបន្ធូរបន្ថយទោសនៅពេលណា ក៏បាន។ ប៉ុន្តែបើអ្នកឯងធ្វើបែបហ្នឹង គឺរុញឲ្យខ្លោចរោចឲ្យឆៅ ហើយធ្វើឲ្យអ្នកដែលជាប់នោះ កាន់តែមានបញ្ហាទៅវិញទេ ហើយរដ្ឋបាលមិនអនុញ្ញាតទេ ព្រោះនេះជាបញ្ហាសន្តិសុខមនុស្សរាប់លាននាក់ មិនបញ្ហាបុគ្គល ៤-៥នាក់ទេ ហើយបុគ្គល ៤-៥នាក់ហ្នឹង បើមិនខុសទេ ក៏គេមិនយកទៅធ្វើស្អីដែរ»។
អ្នកស្រី ភាវ ម៉ី បានបញ្ជាក់ថា ស្ថានភាពសុខភាពស្វាមីរបស់អ្នកស្រី ក្រោយជាប់ពន្ធនាគាររយៈពេលមួយសប្តាហ៍កន្លងមកនេះ គឺមានសុខភាពល្អធម្មតា តែបានស្រកទម្ងន់បន្តិច។ អ្នកស្រីបានបន្តថា ការដង្ហែយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» គ្រាន់តែជាការសម្តែងមតិ របស់អង្គការសង្គមស៊ីវិល ចង់សុំឲ្យមានការផ្តល់យុត្តិធម៌ដល់អ្នក ដែលបានចាប់ខ្លួន តែគ្មានចេតនាណាមួយប្រឆាំងជាមួយរាជរដ្ឋាភិបាលនោះឡើយ។
ភរិយារបស់លោក វងដា បានបន្តថា ក្នុងរយៈពេលប្រមាណ ២០ឆ្នាំមកនេះ ស្វាមីរបស់អ្នកស្រីមិនបានធ្វើអ្វីឲ្យផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈនោះទេ គឺធ្វើសកម្មភាព ដើម្បីតែការពារសិទ្ធិមនុស្សប៉ុណ្ណោះ។
អ្នកស្រី ភាវ ម៉ី ដែលកំពុងបាត់បង្គោល និងបង្អែកគ្រួសារ បានថ្លែងទទូចសុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួយពន្លឿន និងសើរើសំណុំរឿងស្វាមីរបស់ខ្លួន ក៏ដូចមន្រ្តីអាដហុក ៣នាក់ទៀត ឲ្យបានឆាប់រហ័ស។ អ្នកស្រីបានថ្លែងដូច្នេះ «សំខាន់ទទូចហើយទទូចទៀត សូមឲ្យប្រមុខរាជរដ្ឋាភិបាលមេត្តាជួយពិនិត្យសើរើរឿងហ្នឹងឡើងវិញ ព្រោះអ្នកទាំង៥នាក់ហ្នឹង គាត់ធ្វើការ គឺមនុស្សធម៌ គោរពតាមគោលការណ៍របស់អង្គការ និងគោលការណ៍ច្បាប់ច្បាស់លាស់ ដើម្បីជាតិ និងប្រជាជនយើងទាំងអស់គ្នា មិនបានប្រព្រឹត្តអំពើ ពុករលួយដូចការចោទនោះទេ»។
ដោយឡែកកូនស្រីរបស់លោក យី សុខសាន្ត គឺកញ្ញា សាន វឌ្ឍនៈវត្តី ក៏បានទទូចឲ្យតុលាការពន្លឿនការស៊ើបអង្កេត និងឆាប់យកសំណុំរឿងមកជម្រះ ហើយក៏សុំឲ្យតុលាការផ្តល់យុត្តិធម៌ទៅដល់ឪពុករបស់កញ្ញា និងមន្រ្តីសិទ្ធិមនុស្សដទៃទៀតផងដែរ។
កញ្ញា វឌ្ឍនៈវត្តី បានបញ្ជាក់ថា ឪពុករបស់កញ្ញា ដែលមានអាយុ ៥៤ឆ្នាំហើយនោះ ហាក់បានស្រកស្រុតសុខភាពផងដែរ។ វឌ្ឍនៈវត្តី បានឲ្យដឹងថា ការជាប់ឃុំឪពុករបស់កញ្ញា ក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់បញ្ហាជីវភាពផងដែរ ព្រោះឪពុកកញ្ញា ជាបង្អែកគ្រួសារ ខណៈម្តាយ និង កញ្ញាមិនមានរបរអ្វីសម្រាប់ទ្រទ្រង់ជីវភាពនោះទេ។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានហៅការបើកភ្លើងខៀវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើសុំ ព្រះមហាក្សត្ររាជានុញ្ញាតបន្ធូបន្ថយ ឬលើកលែងទោសពេលសាលក្រមចូលជាស្ថាពរ គឺជារឿងល្អសម្រាប់មន្រ្តីសិទ្ធិមនុស្ស។ តែទោះជាយ៉ាងណា លោក អំ សំអាត នៅតែជំរុញឲ្យតុលាការបើកការស៊ើបអង្កេតឲ្យបានកាន់តែល្អិតល្អន់ថែមទៀត ដើម្បីផ្តល់ពន្លឺយុត្តិធម៌ដល់មន្រ្តីសិទ្ធិមនុស្ស ក៏ដូចជាមន្រ្តី គ.ជ.ប។
សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធធនាគារព្រៃស ពាក់ព័ន្ធនឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ។
ការនាំខ្លួនទៅសាកសួរ និងការឃុំខ្លួននេះ បានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង ៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕