(កណ្តាល)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារបង្ក្រាបបទល្មើសគ្រឿងញៀន មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។

មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។

ចំពោះមរណភាពរបស់មន្រ្តីនគរបាលទាំង២រូបខាងលើនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា ក្រោយទទួលបានព័ត៌មានដ៏សោកសៅនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, រូបលោកផ្ទាល់ ថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្រ្តីនគរបាលដែលទទួលការងារទាំងនេះ មានការសោកស្តាយ អាណិតអាសូរ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យវបានឆាប់។

លោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល ឈឿន សុចិត្ត បានឲ្យដឹងថា មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ។ សូមបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់គឺលោក រឹម សុផាន់ណា ត្រូវបានគេរាយការណ៍ថា ទើបតែរៀបការបាន៣ខែកន្លងមកនេះ៕