Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចអះអាងថា ករណីអារ-កសម្លាប់មន្រ្តីឥណទាន​​«អម្រឹត» នៅខេត្តកំពត ជាការប៉ងប្លន់​លុយ​២០ម៉ឺនរៀល

10-05-2016 19:29

(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថាករណីអារ-កសម្លាប់មន្រ្តីឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ជាការប៉ងប្លន់លុយ២០ម៉ឺនរៀល។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីឃាតកម្មទៅលើបុគ្គលិកអម្រិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ នៅស្រុកឈូក ខេត្តកំពត ជនសង្ស័យ បានឆ្លើយ​សារ​ភាពថា ខ្លួនបានណាត់ ជនរងគ្រោះ ដើម្បីពិភាក្សាអំពីការដាក់ប្រាក់សន្សំ នៅពេល ជនសង្ស័យ មកដល់ផ្ទះ ជនសង្ស័យ បានហៅ ជនរងគ្រោះ ចូលទៅក្នុងផ្ទះ ហើយបាន​សុំលុយជនរងគ្រោះ ចំនួន ២០ម៉ឺនរៀល ប៉ុន្តែ ជនរងគ្រោះ បដិសេធមិនព្រមឲ្យ ពេលនោះ ជនសង្ស័យ ក៏បានចាប់ក្រៀកក ជនរងគ្រោះ ឲ្យទៅខាងក្រោយផ្ទះ​ឆ្លៀតពេល​នោះជនរងគ្រោះ ក៏បានខាំដៃរបស់​គាត់បណ្តាលអោយ​ដាច់ឈាមយ៉ាងខ្លាំង ធ្វើឲ្យជនសង្ស័យខឹងក៏ បានចាប់អាក សំលាប់តែម្តង»

សូមបញ្ជាក់ថា មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ហើយក៏ចាប់អារ.កស្លាប់ យ៉ាងអាណោចអាធ័ម។ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ ដោយឡែកជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក មីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកឈូក មានទីលំនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួននៅ ស្នងការនគរបាលខេត្តកំពតដើម្បីរង់ចាំតុលាការចាត់ការតាមនីតិវធីច្បាប់៕