(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូន ដំណឹងស្តីពីការប្រគល់ភារកិច្ចត្រួតពិនិត្យវិញ្ញាបនបត្រ ចាក់វ៉ាក់សាំងកូវីដ-១៩របស់អ្នកដំណើរមកពីបរទេស ជូនដល់មន្ត្រីអន្តោប្រវេសន៍ប្រចាំការ នៅច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ច្រកទ្វារអន្តរជាតិផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងច្រកទ្វារទ្វេភាគី និងច្រកទ្វារតំបន់។

កន្លងមកការ ត្រួតពិនិត្យវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះអ្នកដំណើរមកពីបរទេស ត្រូវបានធ្វើឡើងដោយមន្ត្រីសុខាភិបាល លើកលែងតែនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលការត្រួតពិនិត្យនេះត្រូវបានធ្វើឡើងដោយមន្ត្រីអន្តោប្រវេសន៍។

ក្នុងគោលបំណងដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរមកពីបរទេស និងដើម្បីសម្រាលបន្ទុកថវិការបស់រដ្ឋាភិបាល គណៈកម្មាការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រគល់ភារកិច្ចត្រួតពិនិត្យវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩របស់អ្នកដំណើរមកពីបរទេស ជូនដល់មន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ច្រកទ្វារអន្តរជាតិផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងច្រកទ្វារទ្វេភាគី និងច្រកទ្វារតំបន់៕