(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ បញ្ជាក់ជូនសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

សេចក្ដីជូនដំណឹងបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលរយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖

១៖ កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល១៤ថ្ងៃ មកនៅត្រឹមរយៈពេល៧ថ្ងៃ។

២៖ កែសម្រួលលក្ខខណ្ឌធ្វើតេស្ដចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖
* អ្នកដំណើរអន្តរជាតិចូលកម្ពុជាតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បើបញ្ចប់ការធ្វើចត្តាឡីស័ក។
* អ្នកដំណើរអន្តរជាតិដែលចូលកម្ពុជាតាមផ្លូវគោក ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក។ ការធ្វើតេស្តលើកទីមួយ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងការធ្វើតេស្តលើកទីពីរ នៅថ្ងៃទី៧នៃការធ្វើចត្តាឡីស័ក ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធជួយផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ៗនេះដល់ដៃគូអន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិឱ្យ មកទស្សនា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ» និង «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ដៅ» ឲ្យកាន់តែច្រើន៕