(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព កម្ពុជាមានឱកាសប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការបំផ្លិចបំផ្លាញ ទៅជាប្រទេសដែលអាចទាញប្រយោជន៍ ពីឧស្សាហកម្ម ៤.០ ដោយជឿថាខ្មែរធ្វើបាន ក្នុងការកសាងសង្គមមួយប្រកបដោយប្រជាជនទំនើប ប្រជាជនវិទ្យាសាស្ត្រប្រជាជនបច្ចេកវិទ្យា តាមរយៈការបំផុសយុវជនឱ្យចាប់យកជំនាញ STEAM ពោលគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ សំដៅធ្វើសុខុដុមនីយកម្មជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសង្គមឌីជីថល ធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារតំបន់ និងសកលលោក។

ការគូសបញ្ជាក់បែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក អេឡិច ទាវ ស៊ួយ ហ្គីន (Alex Tao Swee Guan) អនុប្រធាន និងជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន សូហ្វ៊ែរឧស្សាហកម្មឌីជីថល សៀមិនស៍ ភីធីអ៊ូ អិលធីឌី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន ជាមួយនឹងក្រុមហ៊ុន សៀមិនស៍, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាលា ស្ទីមមីង ខេមបូឌា ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអ៉ិចហ្ស៉ីលីអេតពើ របស់ក្រុមហ៊ុន សៀមិនស៍ (Slemenss Xcelerator Platform)។

លោករដ្ឋមន្ត្រីបរិស្ថាន បានបន្តថា ផ្អែកលើមូលដ្ឋាននេះ ក្រសួងបរិស្ថានបាននឹងកំពុងកសាង និងរឹតចំណងកិច្ចសហប្រតិបត្តិការ ជាមួយក្រុម ហ៊ុន សៀមីនស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យក្លាយជាប្រជាជនមានគំនិតនវានុវត្តន៍ក្នុងការផលិត និងឌីហ្សាញផលិតផលដែលមានលក្ខណៈបៃតង សម្រាប់ទ្រទ្រង់ដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ សំដៅរួមគ្នាប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងក្តាប់មកវិញនូវមោទនភាពជាតិ និងកសាងជាតិទំនើបមួយដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នាប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ និងមានប្រជាពលរដ្ឋរពោរពេញទៅដោយចំណេះដឹង វប្បធម៌ របៀបរបបរស់នៅនឹងការគិតគូរជឿនលឿន ទីក្រុងមានសោភ័ណភាព ប្រកបដោយផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនា។

បន្ថែមពីនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា ជាសក្ខីភាពពិធីចុះអនុស្សរណៈយោគយល់គ្នានាឱកាសនេះ ជាមួយក្រុមហ៊ុន សៀមិនស៍ គឺជាការបោះជំហ៊ានថ្មីមួយរួមគ្នាប្រកបដោយភាពសុទិដ្ឋិនិយម ក្នុងការផ្តល់ជូននូវចំណេះដឹងបច្ចេកទេស ផ្នែកឌីហ្សាញ ផ្នែកផលិតកម្ម, ផ្នែកស្វ័យប្រវត្តិកម្ម, ផ្នែកវត្ថុប្រើប្រាស់អ៉ីនធើណែត (IoT), ការឌីហ្សាញផ្នែកមេកានិក និងផ្នែកអេឡិកត្រូនិក, ការនិម្មិត (simulation) និងជំនាញផ្សេងៗទៀត ដល់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត និងយុវជនឱ្យមានជំនាញ និងទេពកោសល្យ ប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការអភិវឌ្ឍឧស្សាហកម្មបៃតង។

«ដើម្បីជំរុញកិច្ចសហការប្រតិបត្តិការនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវកម្មវិធីអប់រំ ៤.០ ដោយធ្វើការប្រគល់ជូននូវជំនាញ, កញ្ចប់សូហ្វ៊ែរដែលមានអាជ្ញាបណ្ណ, សម្ភារបណ្តុះបណ្តាល ក៏ដូចជាកម្មវិធីសិក្សា ដែលមានពីក្រុមហ៊ុន សៀមិនស៍ ជូនទៅគ្រឹះស្ថានឧត្តមសិក្សាជាដៃគូ ក្រោមការសម្របសម្រួលផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលពីសាលា ស្ទីមមីង ខេមបូឌា»។ នេះជាបញ្ជាក់បន្ថែមរបស់លោក សាយ សំអាល់។

បើតាមលោក ជា វ៉ាន់ដេត បានថ្លែងថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានបង្ហាញសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ជាពិសេសសិស្ស-និស្សិត។ សកម្មភាពសេដ្ឋកិច្ច របៀបរបបការងារ និងការរស់នៅប្រចាំថ្ងៃបានប្រែប្រួលទៅរកគន្លងប្រក្រតីភាពថ្មី។

លោករដ្ឋមន្ត្រី បានបន្តថា បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងដើរតួនាទីស្នូលសម្រាប់ប្រតិបត្តិការ និងទំនាក់ទំនងក្នុងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់ និងទូលំទូលាយក្នុងគ្រប់វិស័យរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច។ ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផ្តល់ប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គនៃសង្គម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ត្រូវបានរៀបចំឡើងដោយមានសសរស្តម្ភសំខាន់ចំនួន៣ គឺ «ប្រជាពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល»៕