(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបិទ សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២២-២០៣០ និងយុទ្ធសាស្ត្រឌីជីថលសុខាភិបាល ឆ្នាំ២០៣០ ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃនេះ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២២-២០៣០ និងយុទ្ធសាស្ត ឌីជីថលសុខាភិបាល គឺជាឧបករណ៍គោលនយោបាយផង និងយុទ្ធសាស្ត្រផង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញវឌ្ឍនភាពក្នុងការអនុវត្តរបៀបវារៈ នៃការអភិវឌ្ឍសុខភាពកម្ពុជា នៅក្នុងបណ្តាឆ្នាំខាងមុខ។ ម៉្យាងទៀត អាចនិយាយបានថា ដំណើរការកសាងផែនការ និងយុទ្ធសាស្ត្របានផ្ដល់ឱកាសសម្រាប់កិច្ចសន្ទនាក្នុងន័យស្ថាបនា រវាងក្រសួងសុខាភិបាល និងតួអង្គសំខាន់ៗទាំងក្នុង និងក្រៅវិស័យសុខាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ រួមគ្នាពិនិត្យ និងវាយតម្លៃអំពីភាពរឹងមាំ និងភាពទន់ខ្សោយនៃប្រព័ន្ធសុខាភិបាល ក្នុងពេលបច្ចុប្បន្ន ព្រមទាំងកំណត់បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងពេលអនាគត។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលកម្ពុជា កំពុងបន្តកម្ពស់ការផ្តល់ សេវាថែទាំសុខភាពទូទៅ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ប្រកបដោយសមធម៌ជូន ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការរស់នៅជាមួយមេរោគកូវីដ-១៩ និងកំពុងបន្តជំរុញវឌ្ឍនភាព ឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកល នៅឆ្នាំ២០៣០។ នៅក្នុងក្របខណ្ឌទស្សនៈទានទាំងអស់នេះ និងស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០/២០៥០ របស់រាជរដ្ឋាភិបាល ចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ ត្រូវបានកំណត់ ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបរស់នៅប្រកបដោយសុខភាពល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងកំណើន សេដ្ឋកិច្ចប្រកបដោយចិរភាពសំដៅឆ្ពោះទៅសម្រេចបាននូវសុខុមាលភាពសង្គម-សេដ្ឋកិច្ច។

លោកអះអាងថា ចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ មានគោលបំណង «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្ដប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ» ដែល សំដៅលើការកាត់បន្ថយការឈឺ និងការស្លាប់ ដោយសារជំងឺ ឬបញ្ហាសុខភាព ឬបញ្ហាទាក់ទង នឹងសុខភាពចម្បងៗ ដោយផ្តោតលើការលុបបំបាត់ និងកាត់បន្ថយបន្ទុកជំងឺ/បញ្ហាសុខភាពចម្បងៗ មួយចំនួននៅដំណាច់ឆ្នាំ២០៣០ តាមរយៈក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការធ្វើសកម្មភាព ទាំងក្នុង និងក្រៅវិស័យសុខាភិបាល ដើម្បីដោះស្រាយអាទិភាពជាយុទ្ធសាស្ត្រ ៣ គឺ៖

ទី១៖ ពង្រឹងសន្តិសុខសុខភាព៖ ការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងបណ្តាឆ្នាំខាងមុខពីជំងឺឆ្លងរាតត្បាត ដោយរួមបញ្ចូលទាំងជំងឺកូវីដ-១៩ និងការគម្រាមកំហែង សុខភាពសាធារណៈ នៅក្នុងពេលអនាគត។

ទី២៖ កែលម្អសុខភាពទូទៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៖ ការពារប្រជាពលរដ្ឋពីការធ្លាក់ខ្លួនឈឺ និងស្លាប់មុនអាយុ និងបង្កើនជាអតិបរមាលទ្ធផលសុខភាពយូរអង្វែងរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាចម្បងលើបញ្ហាសុខភាពជាអាទិភាព។

ទី៣៖ ទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល៖ ពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធសុខាភិ បាលនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែទុកចិត្តបាន មានភាពជឿនលឿន ភាពឆ្លើយតប និងគណនេយ្យ ភាពខ្ពស់ចំពោះប្រជាពលរដ្ឋ។

លោកបានបន្តថា ការយល់ដឹងច្បាស់អំពីទិសដៅយុទ្ធសាស្ត្រ និងក្របខណ្ឌយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងបណ្តាឆ្នាំខាងមុខនេះ បានផ្ដល់ឱ្យអង្គសិក្ខាសាលានូវមូលដ្ឋានគំនិតទូលំ ទូលាយមួយ ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងរយៈពេល២ថ្ងៃនេះ ជាពិសេស លើការសម្រិត សម្រាំងយុទ្ធសាស្ត្រ អន្តរាគមន៍ និងសកម្មភាពសំខាន់ៗ ដើម្បីប្រែក្លាយចក្ខុវិស័យសុខភាពកម្ពុជា ឆ្នាំ២០៣០ ឱ្យក្លាយជាការពិត។

លោករដ្ឋមន្រ្ដី បានស្វាគមន៍ចំពោះការផ្ដល់យោបល់ ឬអនុសាសន៍នានា ដែលបានលើកឡើងនៅក្នុងអង្គសិក្ខាសាលានេះ និងសូមប្រគល់ភារៈកិច្ចជូន ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ពិនិត្យមើលធាតុចូល ដែលទទួលបានពីអង្គ សិក្ខាសាលានិងបន្តដឹកនាំការសរសេរសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២២-២០៣០ និងយុទ្ធសាស្ត្រឌីជីថលសុខាភិបាល ឆ្នាំ២០៣០ ដោយមានការចូលរួមពី នាយកដ្ឋានពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ដ្រី ក៏សូមសំណូមពរដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តការយកចិត្តទុក តាមដានហានិភ័យសុខភាពសាធារណៈ នៃជំងឺកូវីដ-១៩ ឱ្យបានជាប់ជាប្រចាំ និងមានវិធានការឆ្លើយតបជាបន្ទាន់ ក្នុងករណីផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រោយពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដែលទើបកន្លងទៅថ្មីៗនេះ ដើម្បីរក្សាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ យើង និងកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពជាប្រចាំ ជាពិសេស សេវាសុខភាព ជាសារវន្តជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕