(ភ្នំពេញ)៖ ឈានឆ្ពោះទៅចូលរួមអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ នាពេលខាងមុខនេះ កាកបាទក្រហមបានទទួលថវិកាដោយផ្ទាល់ពីបណ្ដាសប្បុរសជនចំនួន៤ក្រុមទៀត ដែលបាននាំយកថវិកាសប្បុរសធម៌មកកាន់ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជាវិភាគទានជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សមាគមជាតិមួយនេះឲ្យមាននិរន្តរភាព។

ក្នុងជំនួបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ពោលគឺមុនទទួលថវិកាសប្បុរសធម៌ខាងលើនេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា បើទោះបីរយៈពេល២ឆ្នាំកន្លងមកនេះ យើងបានប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ក្តី តែសប្បុរសជននៅតែបន្តជួយដល់កាកបាទក្រហមកម្ពុជា ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកស្រីបានជម្រាបជូនផងដែរអំពីការប្រើប្រាស់ថវិការបស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំកន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌ នានា ដូចជា ការជីកអណ្តូងទឹកស្អាត ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាននានា ជាពិសេសក្នុងឆ្នាំនេះកាកបាទក្រហមកម្ពុជាក៏បានប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនមួយចំនួនជួយសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ផងដែរ។

លោកស្រីបានបញ្ជាក់ថា អ្វីៗដែលយើងរួមគ្នាសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយសារតែប្រទេសជាតិទាំងមូលមានសន្តិភាព។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងមានគុណតម្លៃធំធេងណាស់សម្រាប់ជាតិទាំងមូល។

លោកស្រីកិត្តិបណ្ឌិតបានបញ្ជាក់ទៀតថា នេះគឺជាឆ្នាំទី៣ហើយដែលកាកបាទក្រហមកម្ពុជាអាក់ខានក្នុងការប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ប៉ុន្តែទោះជាយ៉ាងណាកាកបាទក្រហមកម្ពុជាសូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកាជូនកាកបាទក្រហមកម្ពុជា តាមរយៈការមកដល់ទីស្នាក់ការកណ្តាលផ្ទាល់ ឬចាត់តំណាងនាំមកប្រគល់ជូន ឬផ្តល់ជូនតាមប្រព័ន្ធអេឡិចត្រូនិកក្តី គឺសុទ្ធតែដើម្បីរួមចំណែកធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះមានលទ្ធភាពបំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។ កាកបាទក្រហមកម្ពុជាតែងចាត់ទុកថ្ងៃ៨ឧសភាជាទិវាមហាសប្បុរសមួយដែលជួយកៀរគររកមូលនិធិសប្បុរសធម៌បានច្រើនសម្រាប់ទ្រទ្រង់ប្រតិបត្តិការ និងបេសកកម្មមនុស្សធម៌របស់ខ្លួន ហើយក៏ជាឱកាសមួយសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានបានបង្ហាញពីបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែករៀងៗខ្លួនតាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ថវិកាសប្បុរសធម៌ដែលកាកបាទក្រហមកម្ពុជាទទួលពីសប្បុរសជនក្នុងថ្ងៃនេះ រួមមាន៖

១៖ ឧកញ៉ា លឹម រស់ និងលោកស្រី សុទ្ធី ម៉ូនីកា ថវិកា៥ម៉ឺនដុល្លាអាមេរិក ដែលថវិកានេះនាំប្រគល់ជូនដោយលោក លឹម ហូលីវីន។

ទី២៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកស្រី ទាវ ធីតា ថវិកា២ម៉ឺនដុល្លារអាមេរិក។

ទី៣៖ លោកស្រី ទ្រីដាណា ថវិកា១០០លានរៀល។

ទី៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ថវិកា ៤០លានរៀល។

ជាការកត់សម្គាល់ គិតមកដល់ពេលនេះ បើរាប់បញ្ជូលទាំងព្រះរាជូបត្ថម្ភនៃអង្គព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរដ្ឋ និងសប្បុសជនជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន និងលក្ខណៈក្រុមហ៊ុនក្តី គឺកាក បាទក្រហមកម្ពុជាទទួលបានថវិកាសរុបប្រមាណជាង១៣លានដុល្លារអាមេរិកហើយសម្រាប់ទិវា៨ឧសភា២០២២នេះ។

កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថាមានសប្បុរសជនជាបន្តបន្ទាប់ទៀតពិតជានឹងចូលរួមបរិច្ចាគធនធានប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លាជួយកាកបាទក្រហមកម្ពុជាតាមការស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកម្រិតទៀតក្នុងបេសកកម្មមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុតនៅកម្ពុជា៕

រូបភាពក្រុមទី១

រូបភាពក្រុមទី២

រូបភាពក្រុមទី៣

រូបភាពក្រុមទី៤