(កំពង់ឆ្នាំង)៖ លោក គូ ដារា ប្រធានប្រតិបត្តិសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយរបស់សមាជិកក្រុម និងរបស់សប្បុរសជននានារួមមាន៖ បាយកញ្ចប់ ភេសជ្ជៈ ទឹកសុទ្ធ សាប៊ូលាងដៃ ចែកជូនដល់បងប្អូនកម្មករប្រមូលសំរាមចំនួន ៦០នាក់ នៅសួនច្បារដើមពោធិ៍ ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោក គូ ដារា បានថ្លែងថា ដើម្បីជួយសម្រាលការលំបាក និងដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ ដែលជាអ្នកប្រមូលសំរាមធ្វើអនាម័យថែរក្សាបរិស្ថានប្រចាំថ្ងៃ នៅតាមសួនច្បារក្នុងក្រុងកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ជួយធ្វើអនាម័យសំអាតតាមសួនសាធារណៈ និងតាមដងផ្លូវជាតិ នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងអំឡុងថ្ងៃបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ថ្ងៃនេះសមាគមកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់សមាជិកក្នុងក្រុម និងអំណោយរបស់សប្បុរសជននានាមក ចែកជូនដល់បងប្អូនកម្មករចំនួន៦០នាក់ ជាលើកទី២ផងដែរ។

លោក គូ ដារា បានបន្តថា «កិច្ចការងារប្រមូលសំរាមធ្វើអនាម័យក្នុងទីក្រុងនេះ មិនអាចយកអ្នកមានសញ្ញាប័ត្រខ្ពស់ៗមកធ្វើការងារនេះបានឡើយ គឺមានតែបងប្អូនជាកម្មកររបស់យើងទេដែលបានស្ម័គ្រចិត្តធ្វើកិច្ចការងារនេះដើម្បីសំអាតទីក្រុងរបស់យើងឱ្យមានសោភ័ណភាពនិងបរិស្ថានល្អ។ ក្នុងនាមសមាគមចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនកម្មករទាំងអស់ ដែលបានយកចិត្តទុកដាក់ធ្វើការងារនេះប្រចាំថ្ងៃទើបទីក្រុងរបស់យើងមានសភ័ណភាពស្រស់ស្អាត ជារៀងរាល់ថ្ងៃ។ ដោយឡែកអំណោយដែលបានចែកជូនបងប្អូនកម្មករទាំង៦០នាក់នេះ គឺក្នុងម្នាក់ៗទទួលបានបាយសាច់ជ្រូក ១ប្រអប់ ទឹកសុទ្ធ ១ដប ទឹកក្រូច ១កំប៉ុង សាប៊ូ ១ដុំ ផ្លិត១ និងថវិកា ១ម៉ឺនរៀល»

ក្រោយពីទទួលបានអំណោយខាងលើនេះ បងប្អូនកម្មករទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមចលនាយុវជន១៥៧ ខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខពួកគាត់ នេះគឺជាលើកទី២ហើយ ដែលពួកគាត់បានទទួលអំណោយពីក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង។ ពួកគាត់សូមគោរពជូនពរដល់ក្រុមការងារទាំងអស់ និងសប្បុរសជនជាម្ចាស់ទាន ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕