(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាស្តីពី «រឿងមហាភរតនៅកម្ពុជាសម័យបុរាណ» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ក្រោយរឿងមហាភារត ដែលមានឆ្លាក់នៅថែវប្រសាទអង្គរវត្តផងនោះ ហាក់លែងមានការចាប់អារម្មណ៍ពីប្រជាជនខ្មែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបានបញ្ជាក់ថា សិក្ខាសាលាស្តីពី «រឿងមហាភរតនៅកម្ពុជាសម័យបុរាណ» នឹងរៀបចំឡើងនៅរោងភាពយន្ត នៃនាយកដ្ឋានសិល្បៈទស្សនីយភាព។

លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ បានឲ្យដឹងថា «សិក្ខាសាលានេះ គឺជាការដាស់ស្មារតី ក៏ដូចជាធ្វើឲ្យជ្រួតជ្រាប ដល់អ្នកស្រាវជ្រាវ ក៏ដូចជាប្រជាជនខ្មែរ បានដឹងថា រឿងមហាភារត ក៏ជារឿងដែលសំខាន់ និងជាវណ្ណកម្មនៅក្នុងសិល្បៈទស្សនីយភាពខ្មែរ ដែលមានប្រភពចេញពីប្រទេសឥណ្ឌា និងមានអាយុកាលក្នុងចំណោមចាស់ជាងគេលើពិភពលោក ដូចរឿងរាមកេរ្តិ៍ ផងដែរ»។

បើតាមក្រសួងវប្បធម៌ រឿងមហាភារតបានហូរចូល និងជ្រួតជ្រាបខ្លាំងក្នុងសង្គមមនុស្ស នៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៉ីអាគ្នេយ៍ តាំងតែពីរវាងដើមគ្រិស្តសករាជមកម្ល៉េះ ហើយក្នុងនោះ មានប្រទេសកម្ពុជាយើងផង។ តឹកតាងសិលាចារឹក និងចម្លាក់ជាច្រើនដែលបានលើកយកឈុតឆាក នៃសាច់រឿងមហាភារតមកបង្ហាញ ដូចជាមានឆ្លាក់នៅថែវប្រាសាទអង្គរវត្ត និយាយអំពីសមរភូមិចម្បាំង នៃពពួកកៅរពនិងបាណ្ឌព ដែលអ្នកស្រាវជ្រាវហៅថា «ចម្បាំងកុរុក្សេត្រ»

គិតមកដល់បច្ចុប្បន្ន សាច់រឿងដែលកម្ពុជទេសបុរាណបានស្គាល់ច្បាស់ បានសាបរលាបពីការចាំរបស់ខ្មែរ។ អ្នកស្រុកខ្លះ ពិសេសអ្នកអង្គរពេលឃើញចម្លាក់នៅអង្គរវត្ត ពួកគាត់នៅចាំរលាបៗត្រង់ថា «ចម្លាក់នេះនិយាយអំពីចម្បាំងរវាងបងប្អូន» តែប៉ុណ្ណោះ។ ប៉ុន្តែ នៅបណ្តាប្រទេសអាស៉ីអាគ្នេយ៍ឯទៀត ដូចជា ឥណ្ឌូនេស៉ីជាដើម និទានកថានេះ នៅរស់រវើកក្នុងសង្គម។ អ្នកស្រុកគេស្គាល់ និងលើកយករឿងនេះមកនិទាន ឬសម្តែងជាសិល្បៈទស្សនីយភាពផ្សេងៗផងជាធម្មតា។

សូមជម្រាបថា សិក្ខាសាលាស្តីពី «មហាភារតនៅកម្ពុជាសម័យបុរាណ» នឹងបង្ហាញមត៌កនិទានកថាមួយនេះ នៅកម្ពុជានាសម័យបុរាណ ដែលស្តែងតាមរយៈសិលាចារឹក ចម្លាក់ និងអក្សរសិល្បិ៍។ ទន្ទឹមនឹងនេះ ក៏មានបង្ហាញអំពីគម្រោង ដំឡើងស្នាដៃសិល្បៈទស្សនីយភាព ដោយស្រង់ចេញពី រឿងមហាភារតផងដែរ៕