(ក្រចេះ)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកានមុខតំណែងប្រធានពន្ធនាគារថ្មីខេត្តក្រចេះ ដោយលោកឧត្តមអគ្គានុរក្ស ដួង វុទ្ធី មកជំនួសលោកឧត្តមអគ្គានុរក្ស ខ្វា សារ៉ន ដែលត្រូវចូលនិវត្តន៍។
ក្នុងពិធីប្រកាសនោះក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តក្រចេះ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ថ្នាក់ដឹកនាំស្ថាប័នតុលាការ ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរ និងមន្រ្តីពន្ធនាគារជាច្រើននាក់ផងដែរ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានផ្តាំផ្ញើលោកឧត្តមអគ្គានុរក្ស ដួង វុទ្ឋី ដែលត្រូវចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីនាពេលនេះ ត្រូវខិតខំការងារបន្តពីប្រធានចាស់។ ក្នុងនាមគណៈអភិបាលខេត្ត លោកសូមវាយតម្លៃខ្ពស់ចំពោះស្នាដៃការងារ និងសមិទ្ធផលទាំងអស់ដែលសម្រេចបានដោយប្រធានពន្ធនាគារចាស់ ខ្វា សារ៉ន ដែលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមកោតសរសើរមន្រ្តីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកំលាំងកាយចិត្តដើម្បីបំពេញតួនាទី និងភារកិច្ចកន្លងមក។
លោក ប៉ាវ ហមផាន បានវាយតម្លៃ និងសាទរជោគជ័យលើកិច្ចការងារកន្លងមកនេះ ហើយលោកសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង ចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានខិតខំក្នុងការងារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលក្នុងកំរិតល្អ។
លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ប្រធានពន្ធនាគារថ្មី ត្រូវដឹកនាំបន្តជានិរន្តភាព, ការកែទម្រង់ការងារពន្ធនាគារបន្ថែម ក្នុងនោះការងារធនធានមនុស្ស គឺជាការងារសំខាន់ កែទម្រង់ក្នុងមុខជំនាញដើម្បីឲ្យប្រតិបត្តិការ សេវារបស់យើងបានប្រសើរជាងមុន ដែលវាជាគោលការដឹកនាំរបស់រាជរដ្ឋាភិបាល។ ការកសាងសម្ថភាពស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស ហើយលោកក៏បានក្រើនរំលឹកដល់លោកប្រធានពន្ធនាគារថ្មី ត្រូវធ្វើការសាមគ្គឺសហការជាមួយគ្រប់ស្ថាប័នក្នុងខេត្តឲ្យបានជាប់ជាប្រចាំ៕