(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួស ជូនដល់សាសនិកឥស្លាម ចំនួន២៦២គ្រួសារ នៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកសនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។
លោគទេសរដ្ឋមន្រ្តី បានបន្តថា សហគមន៍ឥស្លាមត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាម ជារៀងរហូតមក។ ទន្ទឹមនឹងនេះ ទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ ក៏ដោយ នៅក្នុងឆ្នាំ ២០២០ សហគមន៍ឥស្លាមទទួលបានជំនួយតាមរយៈអង្គការ-សមាគមនានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដល់ចំនួន ៤៦,២៥២កញ្ចប់ ដែលបានបែងចែកទៅដល់ ៤២,៩៦០គ្រួសារ សរុបជាថវិកា ៧២៨,៤៩៤ដុល្លារ, រួមទាំងគោគួរបានចំនួន ៦,៩២០ក្បាល និង ពពែចំនួន ១,៧៤០ក្បាល ដែលសរុបជាថវិកា ៣,៣៧៨,៤២១ដុល្លារ។
ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើងដល់ ៧៤,៩២១កញ្ចប់ ដែលបានបែងចែកទៅដល់ ៧៣,១៩២គ្រួសារ សរុបជាថវិកា ១,៣៨៤,៦៣៩ ដុល្លារ, រួមទាំងគោគួរបាន ចំនួន៨,២១០ក្បាល និង ពពែ ចំនួន ១,៨២៥ក្បាល ដែលសរុបជាថវិកាចំនួន ៤,៤៥៦,២៩៨ដុល្លារ។
លោកក៏បានថ្លែងអំណរគុណចំពោះម្ចាស់អំណោយទាំងក្នុង និងក្រៅប្រទេស រួមទាំងបណ្តាអង្គការ-សមាគមសប្បុរសធម៌នានា ដែលបានធ្វេីសកម្មភាពរួមសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា។ ពិសេសគឺអរគុណចំពោះសន្តិភាព និងការបេីកទូលាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការទទួលអំណោយពីបណ្តាប្រទេសនានា។
គួរជម្រាបផងដែរថា អំណោយទាំងនេះជាព្រះរាជទានរបស់ ព្រះចៅសាល់ម៉ាន ពិន អាប់ឌល់អាហ្ស៊ីស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈស្ថានទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយក្នុងកញ្ចប់អំណោយនីមួយៗរួមមាន៖ អង្ករ ១៥គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, ត្រីខ ៥កំប៉ុង, មី ១០កញ្ចប់, ប្រេងឆា ១លីត្រ និងទឹកត្រី ១ដប។
គម្រោងខាងលេីក្នុងឆ្នាំ២០២២ នេះ មានចំនួនសរុប ៤៦២ កញ្ចប់ ដែលចំណាយថវិកាសរុបជាង ១ម៉ឺនដុល្លារ។ គម្រោងនេះត្រូវបានចែកជូនដល់ប្រជាពលរដ្ឋតាមរយៈ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាពេលនេះ ចំនួន ២៦២ កញ្ចប់ និងតាមរយៈ លោកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចំនួន២០០កញ្ចប់ នឹងធ្វើការចែកជូនប្រជាពលរដ្ឋនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ខាងមុខ៕