(សៀមរាប)៖ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) និងក្រុមហ៊ុនជប៉ុន NIPPON KEOI បានចុះអនុស្សរណៈលើការប្រើប្រាស់ឌីជីថល សម្រាប់ការលើកកម្ពស់និរន្តរភាពទេសចរណ៍ និងទេសចរណ៍ឆ្លាតវៃ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅសណ្ឋាគារមេម័រផាឡេស។ កម្មវិធីនេះ ធ្វើឡើងក្នុងអធិបតីភាពពីលោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ តំណាងខាងអាជ្ញាធរថ្នាក់ក្រោមជាតិ លោក KAWAGUHI Masaki ប្រធានការិយាល័យ កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប និងលោក NISHINO Ken នាយកក្រុមហ៊ុន NIPPON KEOL ព្រមទាំងលោក ហ្វីលីព កៅ ប្រធាន STC រួមទាំងវត្តមានលោកឱកញ៉ា ភាគីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
តំណាងអាជ្ញាធរ ក៏ដូចជាប្រធាន STC បានលើកឡើងថា ក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ ហើយរដ្ឋបាលខេត្ត/ក្រុងសៀមរាប បានព្យាយាមយកចិត្តទុកដាក់ ចំពោះការបង្កើននូវចំណាយសាធារណៈវិនីយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ជាគោលដៅដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃសៀមរាប ឲ្យស្រមតាមផែនការទីក្រុងឆ្លាតវៃ នៃសមាគមបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន ទាំង២៦ទីក្រុង ហើយតាមរយៈការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃ ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ជាលទ្ធផល គឺមានការគាំទ្រជួយរៀបចំតាមសំណើរពី JICA តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមការងារអស់រយៈពេល ១ឆ្នាំ និងបានជួយរៀបចំជាសេចក្ដីព្រាងផែនការចង្អុលផ្លូវ សម្រាប់ការកសាងទីក្រុងឆ្លាតវៃ ព្រមទាំងជួយសិក្សាជាផែនការចង្អុលផ្លូវ សម្រាប់ការកាត់បន្ថយផលប៉ះពាល់នានា ដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ផងដែរ ទាំងនៅក្នុងក្រុង ក៏ដូចជាក្នុងខេត្តសៀមរាបទាំងមូល ។
បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធិនាមខេត្តសៀមរាបថា «តារារះនាទិសឧត្តរ» ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវ៣៨ខ្សែ នាពេលថ្មីៗកន្លងទៅនេះ។ ហើយសមិទ្ធិផលដ៏ត្រចះត្រចង់ នៃផ្លូវទាំង៣៨ខ្សែ និងសមិទ្ធិផលជាច្រើនទៀត គឺបានជួយសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជម្រុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ គ្រប់ទិសទីឲ្យងាកមកចាប់អារម្មណ៍ និងទស្សនាកំសាន្តទឹកដីទេសចរណ៍ ប្រវត្តិសាស្ត្រ វប្បធម៌ និងបេតិកភណ្ឌ សៀមរាប-អង្គរ ។
នាយកក្រុមហ៊ុនជប៉ុន Nippon Koei បានថ្លែងក្នុងឱកាសចុះហត្ថលេខានោះថា គោលបំណងនៃការចុះអនុស្សារណៈនាពេលនេះ គឺដើម្បីចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ទេសចរណ៍ឆ្លាតវៃ ដោយប្រើប្រាស់លើឌីជីថល និងដើម្បីសម្រេចបាននូវនិរន្តរភាព មេត្រីភាពខាងបរិស្ថាន សម្រាប់ទីក្រុងឆ្លាត វៃនៃទីក្រុងទេសចរណ៍ បេតិកភណ្ឌពិភពលោក សៀមរាប-អង្គរ ព្រោះក្រុងសៀមរាប ត្រូវបានជ្រើសរើសក្នុងចំណោមទីក្រុងឆ្លាតវៃទាំង ២៦ នៃសមាគមបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន ។
លោកបានបញ្ជាក់ថា ខាងអង្គការ JICA បានសិក្សាក្នុងការសមាហរណកម្មផែនការមេ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្រុងសៀមរាប-អង្គរ ពីឆ្នាំ២០០៤ ដល់២០០៦ ហើយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០២ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ Nippon Koei បានគាំទ្ររដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការចង្អុលផ្លូវ សម្រាប់ទីក្រុងឆ្លាតវៃ ក្នុងនាម JICA ហើយនឹងបន្តធ្វើកិច្ចការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍គម្រោងផែនការចង្អុលផ្លូវ តាមរយៈ JICA «គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងក្រុងសៀមរាប»។
ប្រធានការិយាល័យស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានថ្លែងថា ការចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របពេលកាលពីថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានចូលជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានទទួលស្គាល់ថាទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតល្អបំផុតមួយ និងបានមានទស្សនៈរួមគ្នាថាវិស័យឌីជីថល ពិតជាមានសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការដែលប្រទេសជប៉ុនបាននិងកំពុងរួមចំណែកដល់ការសម្រេចបាននូវទីក្រុងឆ្លាតវៃនៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន កំពុងតែជួយខេត្តសៀមរាប លើហេដ្ឋារចនាសម្ព័ន្ឋនិងវិស័យមួយចំនួន ដូចជា ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ឋលូ វិស័យសុខាភិបាល ការអភិរក្សបរិស្ថាន ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកវប្បធម៌។ នៅឆ្នាំ២០២៣ ខាងមុខនេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូត និងខួបទី១០ នៃភាពជាដៃគូយុទ្ឋសាស្ត្ររវាងជប៉ុន និងកម្ពុជា ហេតុនេះការចុះហត្ថលេខានាពេលនេះ នឹងក្លាយជានិមិត្តសញ្ញាមួយទៀតនៃចំណងមិត្តភាព រវាង ជប៉ុន និងកម្ពុជា៕