(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់ បណ្តាលឲ្យឆេះម៉ត់នៅវេលាម៉ោង៣៖៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨។
ពាក់ព័ន្ធនឹងករណីនេះដែរ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលពាក់ស្លាកលេខភ្នំពេញ 3D-8981 បានដឹកអីវ៉ាន់បញ្ញើ និងម៉ូតូចំនួន ៤គ្រឿង។
ក្នុងឧបទ្ទវហេតុនោះមានមនុស្សសរុប៧នាក់ បានរងរបួសស្រាលដែលពួកគាត់ជិះក្នុងរថយន្តកើតហេតុ។ នៅមុនពេលកើតហេតុ រថយន្តបើកបរពី លិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបែកកង់ក្រឡាប់ ធ្លាក់ផ្លូវទៅខាងស្តាំដៃ បណ្តាលឱ្យឆេះអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ធ្វើឲ្យរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ឆេះម៉ត់តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ឆេះរថយន្តនេះដែរ ក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍ជួយពន្លត់អស់ទឹកចំនួន ៤រថយន្ត ក្នុងនោះរថយន្តស្រុកស្វាយអន្ទរចំនួន ២គ្រឿងនិងរថយន្តស្រុកកំចាយមារចំនួន ២គ្រឿង៕