(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់ចូលឆ្នាំខ្មែរបានតែ៣ថ្ងៃ មានពលករខ្មែរ១៧នាក់ ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន នៅក្នុងស្រុកយ៉ាំងណាំយេន ខេត្តស្រះកែវ ខណៈពលករទាំង១៧នាក់នេះ បានចាញ់បោកមេខ្យល់អស់លុយ ក្នុងម្នាក់ៗ ៥.៥០០បាត។ រឿងរ៉ាវនេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។
នៅវេលាប្រហែលម៉ោង៩យប់នោះ កងកម្លាំងនគបាលខេត្តស្រះកែវ បានធ្វើការត្រួតពិនិត្យរថយន្តម៉ាកតូយ៉ូតា ព៌ណខ្មៅ ពាក់ស្លាកលេខบก-8711ស្រះកែវ ១គ្រឿង នៅក្នុងបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទព័ព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ដោយឃាត់ខ្លួនបុរសម្នាក់មានឈ្មោះ ឡាំដួន អះនុស៉ី អាយុ៥៣ឆ្នាំ ជាមេខ្យល់ ជនជាតិថៃ និងបានឃាត់រថយន្តទុកត្រួតពិនិត្យបន្ត។
នគបាលខេត្តស្រះកែវ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយការត្រួតពិនិត្យក្នុងរថយន្ត បានរកឃើញពលករខ្មែរចំនួន ១៤នាក់ទៀត ក្នុងនោះប្រុស៥នាក់ និងស្រី៩ និងមានក្មេងប្រុស ៣នាក់ សរុប១៧នាក់។
ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពលករទាំង១៧នាក់នោះបានឆ្លើយសារភាពថា ពួកគេទាំងអស់ចង់ទៅធ្វើការនៅប្រទេសថៃ ទើបពឹងពាក់មេខ្យល់ម្នាក់ឲ្យជូនក្នុងនោះ បានបង់លុយឲ្យមេខ្យល់នាំឆ្លងដែនក្នុង១នាក់ៗ ៥០០បាត ដោយមេខ្យល់នាំយកទៅប្រគល់ឲ្យឈ្មោះ ឡាំដួន អះនុស៉ី ជិះតាមរថយន្ត ស្រុកវ៉ាំង ណាំយេន។ ពលករខ្មែរទាំង១៧នាក់នោះ ត្រូវបង់លុយទៅឲ្យមេខ្យល់ ក្នុង១នាក់ ៥.០០០បាតបន្តទៀត ដើម្បីជូនដល់កន្លែងធ្វើការនៅផ្សារថៃ។
ពលករខ្មែរទាំង១៧នាក់ ទាំងមេខ្យល់ថៃ១នាក់នោះ ក្រោយពីសួរនាំរួច សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ ប្រគល់ទៅឲ្យកំលាំងជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕