(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលនានានៅក្នុងក្រុងកំពង់ចាម និងនៅស្រុកស្ទឹងត្រង់ គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ អភិបាលខេត្តបានលើកឡើង ដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមលក្ខណ ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅអាគាររដ្ឋបាល នៃពុទ្ធិកសកលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន នៅក្នុងវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
លោកអភិបាលខេត្ត ឲ្យដឹងទៀតថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាល និងសមិទ្ធផលនានា នៃពុទ្ធិកសកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងបរិវេណវត្តសុទស្សនារាជ្រោយថ្ម នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម។
ដោយឡែកនៅថ្ងៃទី១២ ខែឧសភា និងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះដែរ ខេត្តកំពង់ចាម ក៏គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលផ្លូវ ក្នុងក្រុងកំពង់ចាម និងនៅស្រុកស្ទឹងត្រង់ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
ដូច្នេះដើម្បីសម្រួលកិច្ចការនេះឲ្យបានល្អប្រសើរ សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ទៅលើកិច្ចការមួយចំនួន ទាក់ទងទៅនឹងការបដិសណ្ឋារកិច្ចភ្ញៀវចូលរួម រាប់ទាំងមហាជន និងភ្ញៀវកិត្តិយស រួមជាមួយនឹងភារកិច្ចផ្សេងៗ ទៀត ជាពិសេសកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអ្នកចូលរួមធ្វើយ៉ាងណាឱ្យកម្មវិធីទាំងអស់ខាងលើនេះសម្រេចលទ្ធផលជោគជ័យ តាមកម្មវិធីដែលបានគ្រោងទុក។ នេះជាការណែនាំបន្ថែមរបស់លោកអភិបាលខេត្តកំពង់ចាម។
គូរបញ្ជាក់ថា នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យផ្លូវ DBST និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ស្ថិតនៅសង្កាត់ សំបួរមាស ក្រុងកំពង់ចាម រួមនឹងចុះពិនិត្យសមិទ្ធផលផ្លូវ នៅក្នុងស្រុកស្ទឹងត្រង់ ដើម្បីត្រៀមដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខផងដែរ៕