(ព្រៃវែង)៖ មានករណីចោរលួចរថយន្តមួយគ្រឿងពីភ្នំពេញមកលាក់ទុកនៅខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវបានរកឃើញ នៅភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង១៤៖២៥នាទី បានទទួលព័ត៌មានពីឈ្មោះ ហ៊ត សារិត ភេទប្រុស អាយុ ៣៥ឆ្នាំ មមានទីលំនៅភូមិត្រពាំងក្រសាំង ឃុំ អូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានរាយការណ៍ថា មានជនមិនស្គាល់មុខបានលួចរថយន្ថ១គ្រឿង ម៉ាក HYUNDAI PORTER ពណ៌ ស ស្លាក លេខ 2L 1753 ភ្នំពេញ នៅត្រង់ចំណុចមុខ បន្ទប់ជួលស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពី យប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២។

សមត្ថកិច្ចបានបន្តទៀតថា ម្ចាស់រថយន្ដបានភ្ជាប់ GPS ហើយបានតាមរកឃើញរថយន្ដ១ គ្រឿង តាមរយៈជីភីអេសនេះ នៅចំណុចក្រោមសំយ៉ាបផ្ទះ របស់ឈ្មោះ ពៅ សំតូ (ហៅ រ៉ា) ភេទប្រុសអាយុ ៤២ ឆ្នាំ និងប្រពន្ធឈ្មោះ ផេង សុខលីម ភេទស្រី អាយុ ៣០ឆ្នាំមានទីលំនៅភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមានម្ចាស់រថយន្តបានមករាយការណ៍ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពោធិ៍ទី សមត្ថកិច្ច និងម្ចាស់រថយន្ដ បានចុះទៅដល់កន្លែងរក្សាទុក រថយន្តគឺនៅក្រោមសំយាបផ្ទះរបស់ឈ្មោះ ខាងលើពិតមែន ដោយឃើញរថយន្ដបានដោះគ្រឿង តុបតែង លើដំបូលកាប៊ីន និងដោះស្លាកលេខចេញ ដោះចង្កៀង សញ្ញូរ ទាំងសងខាង កាត់ខ្សែភ្លើង និងមានស្នាមដាប់ លេខតួរថយន្ដ ហើយនៅក្នុងបរិវេណនោះ មានការបិទបាំងជញ្ជាំងដែក។ ពេលដែលសមត្ថកិច្ច និងម្ចាស់រថយន្ដទៅដល់ គឺពុំឃើញមានម្ចាស់ផ្ទះ និងមនុស្សនៅក្នុងផ្ទះនោះឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ ចាប់យកវត្ថុតាងរថយន្ដយកមករក្សាទុកនៅអធិការដ្ឋានស្រុកស៉ីធរកណ្តាល ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញដែលលួច យករថយន្ដ ដើម្បីចាត់ការតាមនីតិវិធី៕