(ភ្នំពេញ)៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យរបស់កងឯកភាព បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ផ្ដល់សេវាវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៤ ជូនចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ មេសាឆ្នាំ២០២២។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៧៖០០នាទីព្រឹក ក្រុមគ្រូពេទ្យរបស់កងឯកភាព បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានបើកប្រតិបត្តិការផ្ដល់សេវាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរទេស ស្ថិតនៅក្នុងសង្កាត់ចមចៅទី២ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយអង្គភាពបានបែងចែកក្រុមគ្រូពេទ្យផ្ដល់សេវាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពីគោលដៅធំៗស្មើនឹង៦ក្រុម ដោយមួយគោលដៅមានចំនួន៣ក្រុម ដើម្បីពន្លឿនចុះប្រតិបត្តិការជាក់ស្តែងប្រើប្រាស់កម្លាំងទៅតាមទ្រង់ទ្រាយតូចធំ នៅក្នុងទីតាំងមូលដ្ឋានអង្គភាពផ្ទាល់ ក៏ដូចចុះទៅតាមបណ្ដារោងចក្រសហគ្រាសដែលស្ថិតនៅក្នុង២សង្កាត់ខាងលើរបស់ខ័ណ្ឌពោធិ៍សែនជ័យ។
បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានដំណើរការដោយរលូនតាមការរំពឹងទុក ដោយបានសហការយ៉ាងស្អិតរមួត ជាមួយអាជ្ញាធរដែនដី មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមមកទទួលសេវាវ៉ាក់សាំងដូសទី៤ ឲ្យបានគ្រប់គ្នាព្រមទាំងសហការ យ៉ាងល្អជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ ដើម្បីតាមដានគ្រប់បណ្ដារោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតនៅក្នុងសង្កាត់ទាំងពីរខាងលើ របស់ខណ្ឌពោធិ៍សែនជ័យ ដើម្បីងាយស្រួលគ្រប់គ្រងផ្គត់ផ្គង់ផ្ដល់សេវាវ៉ាក់សាំងជូនឲ្យបានគ្រប់ស្ថាប័នទាំងអស់ចំណុះឲ្យ២ សង្កាត់ខាងលើរបស់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានសហការល្អជាមួយអាជ្ញាធរដែនដីអំពីការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយជាប្រចាំនូវគោលការណ៍របស់ក្រសួងសុខាភិបាល អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ៣ការពាររបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឲ្យបានជោគជ័យនៅកម្ពុជា។
បងប្អូនប្រជាពលរដ្ឋទូទាំង២សង្កាត់ខាងលើ របស់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានអបអរសាទរសប្បាយរីករាយ និងដឹងគុណជាអាណែក យ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ តែងតែគិតគូរពីសុខទុក្ខ សុខមាលភាពសាធារណៈ ជូនជនរួមជាតិយើងទាំងអស់គ្នា សំដៅពង្រឹងខឿនសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍន៍រីកចំរើនជឿនលឿនលើគ្រប់វិស័យ។
នៅក្នុងយុទ្ធនាការខាងលើនេះផងដែរ ក៏មានក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន១០០កេស ជូនកងឯកភាព បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដើម្បីផ្គត់ផ្គង់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងសាំងការពារកូវីដ១៩ ហើយអង្គភាពបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន និងសូមគោរពជូនពរឲ្យក្រុមហ៊ុនប្រកបមុខរបររកទទួលទានមានបាន និងអភិវឌ្ឍន៍ក្រុមហ៊ុនបានជឿនលឿនគ្រប់វិស័យ៕