(កណ្តាល)៖ នារសៀលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានសហការជាមួយ សាលាខេត្តកណ្តាល បានរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងប្រមូលព័ត៌មាន ក៏ដូចជាសំណូមពរ បញ្ហាប្រឈមនានា ក្នុងការធ្វើអាជីវកម្មបូមខ្សាច់ស្តារផ្លូវនាវាចរ តាមដងទន្លេបាសាក់របស់ក្រុមហ៊ុន លឹម កៅជីង គ្រុប ខូអិលធីឌី ។
វេទិកានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងលោករដ្ឋមន្រ្តី ស៊ុយ សែម និងលោក ខឹម ចន្ទគីរី អភិបាលរងខេត្ត ដោយមានការចូលរួមពីអាជ្ញាធរដែនដី ប្រជាជនជាង៤០០នាក់ នៅ០៥ភូមិមកពីឃុំសំពៅពូន និង០៣ ភូមិមកពីឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងបានឱ្យដឹងថា ការបូមស្តារធ្វើអាជីវកម្មបូមខ្សាច់ស្តារផ្លូវនាវាចររបស់ក្រុមហ៊ុននាពេលនេះ គឺក្រសួងរ៉ែ និងថាមពល បានសិក្សាលក្ខណៈបច្ចេកទេសបានល្អិតល្អន់ច្បាស់លាស់ ដោយអ្នកបច្ចេសទេសមកពីក្រសួងរួម និងមកពីប្រទេសរុស្ស៊ី និងជប៉ុន និងដោយមានការឯកភាពស្នើសុំពីអាជ្ញាធរដែនដី អាជ្ញាធរខេត្ត រួមនិងបងប្អូនប្រជាពលរដ្ឋផងដែរ ។
លោកថា ការបូមនេះគឺខ្សាច់ធ្វើឡើងជាសាធារណៈ តម្លាភាព គណនីភាព និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ហើយមានផលប្រយោជន៍ដល់វិស័យសំណង់ ស្តារទន្លេសម្រួលផ្លូវនាវាចរក្នុងការដឹកជញ្ជូនកសិផល មានចំណូលជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស និងថវិកាទ្រទ្រង់សហគមន៍មូលដ្ឋាននេះផ្ទាល់តែម្តង ។
លោករដ្ឋលេខាធិការ បានពន្យល់ និងដោះស្រាយនូវក្តីកង្វល់ ក៏ដូចជាសំណូមពររបស់បងប្អូនដែលបានឡើកឡើង ហើយអង្គវេទិកាទាំងមូលបានគាំទ្រ និងឯកភាពឲ្យមានការធ្វើអាជីវកម្មបូមស្តារទន្លេបាសាក់ត្រង់ចំណុចឃុំសំពៅពូន និងឃុំឈើខ្មៅនេះ ៕