(កំពត)៖ ជម្លោះប្រើប្រាស់ផ្លូវរវាងរវាងលោកស្រី មីន កុអាន់ណា និងលោកស្រី ម៉ែន ប៊ុនធឿន ស្ថិតនៅភូមិ-ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មិនទាន់បិទបញ្ចប់នៅឡើយទេ ទោះបីមានការសម្របសម្រួលពីអភិបាលខេត្តក៏ដោយនោះ។ មកដល់ពេលនេះ លោកស្រី ម៉ែន ប៊ុនធឿន នៅតែបន្តទាមទារប្រើប្រាស់ផ្លូវក្នុងបរិវេណផ្ទះរបស់លោកស្រី មីន កុអាន់ណា បើទោះបីលោកស្រី បានធ្វើផ្លូវថ្មីចូលទៅក្នុងផ្ទះរបស់ខ្លួនរួចទៅហើយក្តី។
ដីផ្លូវមួយខ្សែប្រវែងជាង ១៤០ម៉ែត្រ ដែលកំពុងមានជម្លោះនេះ ត្រូវបានបង្កើតឡើងនៅក្នុងអំលុងឆ្នាំ២០០៦ ដោយបុរសជនជាតិអង់គ្លេសជាអតីតម្ចាស់ដីឈ្មោះ Hallam Katie Goad។ នៅឆ្នាំ២០០៨ លោក ឈុន វាសនា ជនជាតិខ្មែរមានសញ្ជាតិអូស្ត្រាលី ដែលបានទៅទិញដី និងធ្វើផ្ទះជាប់នោះ ក៏បានស្នើសុំឈ្មោះ Hallam Katie Goad ដើម្បីប្រើប្រាស់ផ្លូវនេះដែរ ព្រោះខ្លួនមិនមានផ្លូវចូលទៅកាន់ដី និងផ្ទះ។
ដីផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់រួមគ្នាជាហូរហែរវាងម្ចាស់ដីជាប់ព្រំប្រទល់ដីទាំងពីរ។ លុះដល់អំឡុងឆ្នាំ២០១៨ លោកស្រី មីន កុអាន់ណា បានទិញដីពីលោក Hallam Katie Goad។ នៅអំឡុងឆ្នាំ២០១៩ លោកស្រី កុអាន់ណា ក៏បានសម្រេចបិទផ្លូវប្រវែងប្រមាណជា ៤០ម៉ែត្រនៅក្នុងបរិវេណដីផ្ទះរបស់ខ្លួន ព្រោះមិនចង់ឱ្យមានការធ្វើដំណើរកាត់មុខផ្ទះនោះ ហើយក៏បង្កើតបានជាវិវាទលើការប្រើប្រាស់ផ្លូវនេះជាមួយភាគីលោកស្រី ម៉ែន ប៊ុនធឿន និងកូនស្រី ឈ្មោះ ហាក់ លីណា តែម្តង។
ជម្លោះលើការប្រើប្រាស់ដីផ្លូវរវាងលោកស្រី មីន កុអាន់ណា និងលោកស្រី ម៉ែន ប៊ុនធឿន បាននិងកំពុងបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម។ ជម្លោះនេះ ត្រូវបានអជ្ញាធរខេត្តកំពត ចូលរួមដោះស្រាយ និងសម្របសម្រួលជាច្រើនលើកមកហើយ តែមិនទាន់សះជានឹឹងគ្នានៅឡើយទេ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ក៏បានចូលខ្លួនទៅសម្របសម្រួលស្វែងរកការដោះស្រាយជម្លោះលើការប្រើប្រាស់ផ្លូវនេះផងដែរ។ ដើម្បីរកឱ្យឃើញពីភាពត្រឹមត្រូវលើការប្រើប្រាស់ផ្លូវនេះ លោកអភិបាលខេត្ត ក៏បានបង្កើតក្រុមការងារចុះពិនិត្យ និងវាស់វែងដីទំនាស់នោះ។ នៅថ្ងៃទី១៩ ខែកុម្ភៈ ក្រុមការងារក៏បានចុះទៅវាស់វែងទីតាំងដីរបស់លោកស្រី មីន កុអាន់ណា និងលោកស្រី ម៉ែន ប៊ុនធឿន។
តាមរយៈការវាស់វែងនោះ ក្រុមការងារមិនទាន់អាចកំណត់ទំហំដីរបស់លោកស្រី ម៉ែន ប៊ុនធឿន និងកូនស្រីឈ្មោះ ហាក់ លីណា នៅឡើយទេ ដោយសារតែម្ចាស់ដីប្រគល់ឯកសារមិនទាន់គ្រប់គ្រាន់។
ពាក់ព័ន្ធនឹងប្រវត្តិផ្លូវនេះ លោក អ៊ូច ថន ដែលជាអតីតមេភូមិកំពង់គ្រែង ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៩ បានប្រាប់ Fresh News ថា ដីផ្លូវដែលប្រើពេលបច្ចុប្បន្ននេះ កាលពីដើមឡើយមិនមាននោះទេ ដោយគេធ្វើដំណើរតាមផ្លូវជាប់មាត់ព្រែកពីខាងក្រោយ។ នៅឆ្នាំ២០០៦ បុរសជនជាតិអង់គ្លេស ឈ្មោះ Hallam Katie Goad ដែលជាអតីតម្ចាស់ដីនោះ ត្រូវការចេញចូលរថយន្ត ហើយដីផ្លូវតាមមាត់ព្រែក ក៏ត្រូវបាក់អស់ផងនោះ ទើបជនជាតិអង់គ្លេសរូបនេះ ទិញដីប្រជាពលរដ្ឋធ្វើផ្លូវចូលទៅផ្ទះរបស់ខ្លួន។
លោក សេះ ឌូច ជាអ្នកដែលបុរសជនជាតិអង់គ្លេស ឈ្មោះ Hallam Katie Goad ជួលមកឱ្យធ្វើផ្លូវនោះ ក៏បានអះអាងដូចអតីតមេភូមិផងដែរ។ លោក សេះ ឌូច បានអះអាងថា លោកមិនត្រឹមតែជាអ្នកធ្វើផ្លូវនោះទេ លោកក៏ជាអ្នកបានជួយទិញដីពីប្រជាពលរដ្ឋនៅផ្នែកខាងមុខ ដើម្បីបើកផ្លូវនោះផងដែរ។ លោកបានអះអាងថា ដីផ្លូវនេះ គឺជាកម្មសិទ្ធិឯកជនរបស់បុរសជនជាតិអង់គ្លេសឈ្មោះ Hallam Katie Goad។
តាមរយៈការសាកសួរបស់ Fresh News លោក សេះ ឌូច ក៏បានរំលឹកដែរថា ដីរបស់លោកស្រី ម៉ែន ប៊ុនធឿន និងកូនស្រី ហាក់ លីណា ដើមឡើយមានម្ចាស់ឈ្មោះ ឈុន វាសនា។ បើតាមលោក សេះ ឌូច, លោក ឈុន វាសនា បានទៅទិញដីនោះ នៅឆ្នាំ២០០៧ ហើយបានជួលរូបលោកជាអ្នកសាងសង់ផ្ទះជូនថែមទៀតផង។
លោក សេះ ឌូច បានរៀបរាប់ទៀត ក្រោយពេលទិញដី និងសង់ផ្ទះហើយនោះ ដោយមិនមានផ្លូវចូលទៅក្នុងផ្ទះ លោក ឈុន វាសនា ក៏បានស្នើសុំប្រើប្រាស់ផ្លូវនេះ ជាមួយបុរសជនជាតិអង់គ្លេសឈ្មោះ Hallam Katie Goad នៅក្នុងឆ្នាំ២០០៨។
ពាក់ព័ន្ធសំណើសុំប្រើប្រាស់ផ្លូវនេះ ក៏មានលិខិតព្រមព្រៀងមួយរវាងលោក Hallam Katie Goad និងលោក ឈុន វាសនា ផងដែរ។ លោក ឈុន វាសនា បានបង់លុយ ៦០០ដុល្លារសម្រាប់ការប្រើប្រាស់ផ្លូវនេះ។
លោកស្រី មីន កុអាន់ណា បានបង្ហាញជំហរចង់ឱ្យវិវាទនេះត្រូវបានដោះស្រាយបញ្ចប់ទៅឆាប់រហ័ស ដោយមិនចង់ទុកបញ្ហានេះអូសបន្លាយវែងឆ្ងាយទៀតនោះទេ ដើម្បីលោកស្រីស្រនុកចិត្តក្នុងការរស់នៅ និងអភិវឌ្ឍន៍លើការផ្តល់សេវាកម្មផ្នែកទេសចរណ៍លើដីរបស់លោកស្រី។
លោកស្រី បានអះអាងយ៉ាងដូច្នេះ «ចំពោះខ្ញុំ ខ្ញុំគោរពទៅតាមច្បាប់ ក៏ដូចជាជំនាញអាជ្ញាធរ និងចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត។ អ៊ីចឹងបើលោកមានចំណាត់ការបែបណា ខ្ញុំទទួលយកគ្រប់យ៉ាងទៅតាមភាពត្រឹមត្រូវទាំងអស់ហ្នឹង»។
លោក ម៉ៅ ធនិន អភិបាលខេត្តដែលល្បាញល្បីលើការដោះស្រាយវិវាទប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការនោះ បានអះអាងថា លោកមិនទាន់ទម្លាក់ចោលការសម្របសម្រួលបញ្ហានេះនៅឡើយទេ ហើយលោកក៏បានបង្កើតគណៈកម្មការជំនាញ ដើម្បីស្វែងរកការពិតលើវិវាទដីធ្លីនេះផងដែរ។
លោក ម៉ៅ ធនិន បានទទួលស្គាល់ថា វិវាទដីធ្លីនេះ លំបាកដោះស្រាយបន្តិចដោយសារតែភាគីនីមួយៗប្រកាន់មាំ ចង់ឈ្នះចាញ់រៀងៗខ្លួន និងអាងលើការអន្តរាគមន៍ ទើបធ្វើឱ្យការដោះស្រាយមិនទាន់ឈានទៅរកការត្រូវរ៉ូវគ្នា។
មកដល់ពេលនេះបើទោះបីនៅបន្តប្តឹងទៅកាន់សាលាដំបូងខេត្តកំពត ទាមទារប្រើប្រាស់ផ្លូវនេះយ៉ាងណាក្តី តែភាគី លោកស្រី ម៉ែន ប៊ុនធឿន ក៏បានរៀបចំផ្លូវថ្មីមួយ ដើម្បីធ្វើដំណើរចូលទៅក្នុងដីរបស់ខ្លួនរួចរាល់ហើយផងដែរ។
សូមបញ្ជាក់ថា ទីតាំងដីផ្លូវកំពុងមានជម្លោះខាងលើនេះ ទាំងភាគីខាងលោកស្រី មីន កុអាន់ណា និងលោកស្រី ម៉ែន ប៊ុនធឿន សុទ្ធតែជាដីដែលមិនទាន់បានចុះបញ្ជីកម្មសិទ្ធិនៅឡើយទេ។
យោងតាមស្មារតី ប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារ កិច្ចរ បស់តុលា ការ និងគណៈក ម្មការ សុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជាពីរ រួមមាន៖
១៖ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លី ដែលមានប័ ណ្ណសម្គាល់សិទ្ធិគ្រប់ប្រ ភេទចេញដោយរ ដ្ឋបាល សុ រិយោដី ត្រូវស្ថិត ក្រោមសមត្ថ កិច្ចរបស់តុលាការ
២៖ វិវាទដីធ្លីដែ លមិនទាន់បាន ចុះបញ្ជីសុរិយោដី គឺដីធ្លីដែ លពុំទាន់មា នប័ណ្ណសម្គាល់សិ ទ្ធិគ្រប់ប្រ ភេទ ចេញ ដោយ រដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី។
សម្រាប់ករណីដីវិវាទខាងលើនេះ គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែល មិនអាច សម្រុះ សម្រួលបានដោយគណៈកម្មការ រដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងបណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។
គណៈកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ៕
កិច្ចព្រមព្រៀងលោក ឈុន វាសនា សុំប្រើប្រាស់ផ្លូវឆ្នាំ២០០៨
លោកស្រី ហាក់ លីណា និងលោកស្រី ម៉ែន ប៊ុនធឿន