(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញផ្ទេរភារកិច្ច និងប្រកាសតែងតាំងស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន២រូប, នាយការិយាល័យចំនួន២រូប និងអធិការនគរបាលថ្មីខណ្ឌជ្រោយចង្វារ។

ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងសេចក្តីសម្រេចស្តីពី ការបែងចែកភារកិច្ចជូនស្នងការរង ជូនដល់អង្គពិធីផងដែរ។

នាឱកាសនោះដែរ ស្នងការរងចំនួន២រូប ដែលទើបនឹងតែងតាំងថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ ចំពោះមុខឧត្តមសេនីយ៍ឯក ស ថេត ព្រមទាំងអ្នកចូលរួមទាំងមូលផងដែរ។

ក្រោយពីការប្តេជ្ញាចិត្តរបស់លោកស្នងការរង, ឧត្តមសេនីយ៍ឯក ស ថេត បានចូលរួមអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ជាពិសេសលោកស្នងការ បានណែនាំដល់មន្ត្រី តែងតាំងថ្មីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ ត្រូវបម្រើអង្គភាព និងប្រជាពលរដ្ឋឱ្យបានល្អបំផុត។

ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំង ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត ឬលក់ដូរគ្មានសណ្តាប់ធ្នាប់។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ ដែលទើបតែងតាំងថ្មី ក៏ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការដឹកនាំអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសត្រូវមានផែនការ ច្បាស់លាស់ក្នុងការ រៀបចំចាត់ចែងកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការផ្តល់សេវាសាធារណៈទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ។

ឆ្លៀតក្នុងឱកាសនេះលោកស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់លោកស្នងការរង លោកអធិការ នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការតាមដាន គ្រប់គ្រងឱ្យបានច្បាស់លាស់ នៅជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅដោយខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មិនត្រូវធ្វើអ្វីដែលខុសច្បាប់ បើរកឃើញកំហុស និងមានភស្តុតាងច្បាស់លាស់ នោះនឹងត្រូវដកតួនាទី ឋាន្តរស័ក ឬអនុវត្តតាមវិន័យកងកម្លាំង បើធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់។

ចំពោះការងារបង្ការ និងជួយសង្គ្រោះករណីមានអគ្គិភ័យ កម្លាំងជំនាញត្រវត្រៀមជាប្រចាំដេីម្បីចេញសង្គ្រោះឱ្យបានឆាប់ និងទាន់ពេលវេលា ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវរៀបចំផែនការដេីម្បីចុះធ្វេីការណែនាំអប់រំ អំពីវិធីបង្ការ និងទប់ស្កាត់អគ្គិភ័យ ជាពិសេសសំខាន់ផ្តោតលេីទីតាំងដែលប្រឈមដូចជាស្ថានីយលក់ប្រេង ទីតាំងលក់ហ្គាស។ល។

ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង លោកស្នងការបានណែនាំដល់ស្នងការរង នាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា នៅពេលមានបញ្ហា ឬបទល្មេីសផ្សេងៗកេីតឡេីងជាយថាហេតុ។

ដោយសង្កេតឃេីញថាកម្លាំងនៃការិយាល័យអន្តរគមន៍ កម្លាំងនៃការិយាល័យចរាចរណ៍ បានបំពេញភារកិច្ចយ៉ាងច្រេីនជូនអង្គភាព និងប្រជាពលរដ្ឋ, ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្សឱ្យពិនិត្យមេីលលេីការរៀបចំតំលេីងឋានន្តរស័ក្តិ ក៏ដូចជាការរៀបចំលិខិតសរសេីរជូនដល់មន្ត្រីទាំងនោះ ដេីម្បីជាការលេីកទឹកចិត្ត និងជាការតបស្នងដល់ការខិតខំ និងលះបង់របស់ពួកគាត់។

បន្ថែមពីនេះលោកស្នងការរាជធានីភ្នំពេញ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវខិតខំបន្ថែមដេីម្បីបម្រេីសង្គមជាតិ អង្គភាព និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសេីរឡេីងថែមទៀត និងថែរក្សាដោយអនុវត្តឱ្យបានល្អនូវវិធានការ «៣កុំ និង៣ការពារ»៕