(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះធនាគារវឌ្ឍនៈអាស៉ីចំកាត់ (ABA Bank) ដែលចុះអនុស្សារណៈយោគយល់ជាមួយ TYDA និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) និងផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់រវាង TYDA និងធនាគារ ABA នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណធនាគារ ABA ដែលផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក្នុងរយៈពេល ១ឆ្នាំ ជូន AMT ដែលផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍ បានសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេផងដែរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា «បើទោះបីជាធនាគារ ABA ជាក្រុមហ៊ុនឯកជនរកប្រាក់ចំណេញក្តី ប៉ុន្តែយើងមានបេសកកម្មសង្គមស្រដៀងគ្នា ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះបានផ្ដល់លទ្ធភាពឲ្យ TYDA បញ្ជូនកម្លាំងស្ម័គ្រចិត្តដែលមានជំនាញ ទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងបានផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ»។
TYDA មានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ រួមមាន៖
១៖ ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
២៖ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
៣៖ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឱ្យធនាគារ ABA ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានឱកាសចុះធ្វើកម្មសិក្សាសាកល្បងការងារតាមជំនាញរបស់ពួកគេ ដើម្បីផ្ដល់ឱកាសឲ្យសិស្សនិស្សិតមានបទពិសោធន៍ និងការងារជំនាញរបស់ខ្លួនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់៕