(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតតំបន់ ការពារធម្មជាតិចំនួន១៨ ដែលមានផ្ទៃដីសរុបចំនួន ២៦៧៤៥០៣ហិកតាឲ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួង។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា តំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន១៣កន្លែង និងព្រៃផ្តល់ផលចំនួន៥កន្លែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកឲ្យក្រសួងបរិស្ថាន ធ្វើការគ្រប់គ្រង និងអភិរក្ស។ ជារួមក្រសួងបរិស្ថាន មានតំបន់ការពារធម្មជាតិដែលក្រសួងបរិស្ថានមានស្រាប់តាំងពីឆ្នាំ១៩៩៣ មកចំនួន២៣ ដែលមានផ្ទៃដីចំនួន ៣,២លានហិកតា។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនេះប្រកបដោយប្រសិទ្ធិភាព ក្រសួងបិរស្ថានស្នើសុំការចុះបញ្ជីដីធ្លីលើតំបន់ ការពារធម្មជាតិទាំងនេះ នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយក្រសួងបរិស្ថាន នឹងធ្វើការគ្រប់គ្រង និងអភិរក្សតំបន់ធនធានធម្មជាតិ ទាំងនេះ ដោយអនុវត្តតាមគោលការណ៍ស្បែកខ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងដីធ្លី ដោយសារតែនៅក្នុងតំបន់ព្រៃការពារ និងអភិរក្សខ្លះ មានភូមិឋាន និងប្រជាជនកំពុងរស់នៅទីនោះ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលទើបចេញផ្សាយនៅល្ងាចថ្ងៃនេះ៖