(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដាស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។
សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងអង្គការដៃគូពាក់ព័ន្ធ។
សិក្ខាសាលានេះ មានគោលបំណងដើម្បីពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដាស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ឱ្យកាន់តែទូលំទូលាយដល់កម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាពិសេសវិស័យសំណង់ វិស័យទេសចរណ៍ និងសេវាកម្សាន្ត។
លោក John Ritchotte តំណាងអង្គការអន្តរជាតិខាងការងារ (ILO/BANGKOK) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំនូវគោលការណ៍ប្រតិបត្តិស្ដង់ដានេះ និងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាសង្គមក្នុងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា ជាពិសេសរវាងកម្មករនិយោជិត និយោជក រាជរដ្ឋាភិបាល និងអង្គការដែលជាដៃគូពាក់ព័ន្ធ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើកម្មករនិយោជិត និងសេដ្ឋកិច្ចជាតិទាំងមូល។ លោកបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិស្តង់ដានេះ ព្រមទាំងសំណូមដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។
លោក ទេព សុភ័ណ ប្រធានគ្រប់គ្រងទូទៅនៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដានេះ ដើម្បីឱ្យសហគ្រាស គ្រឹះដ្ឋានត្រៀមខ្លួនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីត-១៩។ លោកបានបញ្ជាក់ថា កន្លងមក សមាគមរបស់លោកបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិស្តង់ដានេះដល់សមាជិករបស់ខ្លួនផងដែរ។
ក្នុងឱកាសនោះ លោក ឡេង តុង បានបញ្ជាក់ពីជោគជ័យនៃយុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាលដែលបានជំរុញយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនគ្រប់ស្រទាប់ គ្រប់វ័យ និងកម្មករនិយោជិត រួមជាមួយនឹងការជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់គ្រប់ពេល ដែលកត្តាទាំងនេះរួមចំណែកកាត់បន្ថយហានិភ័យ និងអត្រាស្លាប់របស់ប្រជាជនដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការនានា ដើម្បីឆ្លើយតបនូវបញ្ហានៃជំងឺកូវីដ-១៩នៅកន្លែធ្វើការ តាមរយ:ការរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ រួមជាមួយនឹងវិធានការសុខាភិបាល ដើម្បីបន្តការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ដែលក្នុងនោះ ក្រសួងបានដាក់ចេញឱ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិស្ដង់ដាស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ សំដៅបន្តឆ្លើយតប និងធានានូវការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធានាបាននូវនិរន្តភាពច្រវាក់ផលិតកម្ម អាជីវកម្ម រោងចក្រ សហគ្រាស រួមនឹងស្ថិរភាពការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិត។
ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាទាំងមូលបានស្តាប់បទបង្ហាញរបស់តំណាងជំនាញការរបស់អង្គការអន្តរជាតិខាងការងារទាក់ទងនឹងផលប៉ះពាល់ និងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទាក់ទងនឹងគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការងារ និងការគ្រប់គ្រង រោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩៕