(ភ្នំពេញ)៖ នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្លោះរបងផ្ទះចូលយកទ្រព្យសម្បត្តិ ក្នុងផ្ទះសំណាក់យីហោ មីនីសឡា (ចាក់សោរទុកចោរ) ផ្លូវលេខ៣៧១សឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច កក្កដា ហៅ ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ឡេង ស្រែន ភេទ ប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ ផ្លូវ លំ ភូមិ ដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេការផ្ទះសំណាក់ មីនីសឡា ។

ជាមួយគ្នានោះ សមត្ថកិច្ច បានដកហូតវត្ថុតាងជាក្បាលម៉ាស៊ីនត្រជាក់ម៉ាក ប៉ាណាសូនិច ចំនួន ០៦គ្រឿង កង្ហាលចាប់ជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន ០១គ្រឿង ឆ្នាំងដាំបាយអគ្គិសនី ចំនួន ០១គ្រឿង ធុង CPU ម៉ាក TPC ចំនួន ០១គ្រឿង កាមេរ៉ាសុវត្ថិភាព ចំនួន ០១ ជើងឆ្នាំងទឹកក្តៅអគ្គិសនី ០៥ (របស់ជនរងគ្រោះ) និងដង្កាប់ដែកចំនួន ០២នាក់ ទុល្វីសដងជ័រចំនួន ០១ កាំបិទបុ័ងតោចំនួន ០១ (របស់ជនសង្ស័យ)។

លោកអធិការ បញ្ជាក់ថា នៅវេលាម៉ោង០៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះសំណាក់យីហោ មីនីសឡា (ចាក់សោរទុកចោរ) ផ្លូវលេខ ៣៧១សឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ឈ្មោះ អ៊ូច កក្កដា និងឈ្មោះ គក់ ភេទប្រុស អាយុ៣២ឆ្នាំ ផ្លោះរបងចូលក្នុងផ្ទះសំណាក់យីហោ មីនីសឡា លួចសម្ភារៈ។

ឃើញដូចនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ អ៊ូច កក្កដា ហៅដា យកមកស្នាក់ការប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួកឈ្មោះ គក់ បានរត់គេចខ្លួនបាត់ ខណៈនោះកម្លាំងសមត្ថកិច្ច ឃើញមានលេខទូរស័ព្ទដៃរបស់មេការ ផ្ទះសំណាក់យីហោ មីនីសឡា បិទលើជញ្ជាំងក៏បានធ្វើការទំនាក់ទំនងទៅប្រាប់រឿងហេតុខាងលើ បន្ទាប់មកឈ្មោះ ឡេង ស្រែន បានមកដល់ដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ អ៊ូច កក្កដា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕