(ភ្នំពេញ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងខណៈរថយន្ដដឹកដី១គ្រឿង បើកដាច់ចង្កូតរេមកព្រលះជាមួយរថយន្ដ CAMRYបាឡែន១គ្រឿងទៀត លាន់ស្នូរដូចរន្ទះបណ្ដាលឲ្យ រថយន្ដបាឡែនរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចទល់រដ្ឋបាលជលផល លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថា រថយន្តបង្ករជាប្រភេទ រថយន្ដដឹកដី ដឹកខ្សាច់ម៉ាក HiNO ក្បាលពណ៌លឿងពាក់ ស្លាកលេខកណ្ដាល 3A-0183 ដោយឡែក អ្នកបើកបរ រថយន្ដមិនត្រូវបានស្គាល់ពី អត្តសញ្ញាណ្ណនោះទេព្រោះ ក្រោយកើតហេតុបានបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ស្រមោលទៅហើយចំណែករថយន្ដរងគ្រោះម៉ាក CAMRY បាឡែន ពណ៌ឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2T-2836 រីឯអ្នកបើកបររថយន្ដឈ្មោះគឹម លាង ភេទប្រុស អាយុ៤៥ឆ្នាំ។ មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ទៀតថា មុនកើតហេតុ គេឃើញរថយន្ដដឹកដីបើកបរដោយតៃកុងម្នាក់ តាមបណ្ដោយផ្លូវបេតុ ជាស៊ីមចំរើនរដ្ឋ ក្នុងទិសដៅពីលិចទៅកើតសំដៅមកលើផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនល្មម លុះមកដល់ ចំណុចកើតហេតុ ក៏បានដាច់ចង្កូតរេទៅបុករថយន្ដបាឡែន ដែលជិះបើកពីរនាក់ប្ដីប្រពន្ធនៅខាងស្ដាំដៃដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យរថយន្ដ CAMRY បាឡែនរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្រោះថ្នាក់ ចរាចរមួយនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ ។
មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយកើតហេតុ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង និងសម្រេចយករថយន្ដបង្ករ និងរថយន្ដរងគ្រោះទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នូវពេលក្រោយ៕