(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានរួមគ្នាធ្វើជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ០៣ ខ្សែ ប្រវែង ៣៧០ម៉ែត្រ, លូររំដោះទឹក ប្រវែង ៣៦២ ម៉ែត្រ និងទរបង្ហូរទឹក ០១ កន្លែង ស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។
ស្ថិតនៅក្នុងឱកាសនោះលោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាព ដែលរកបានដោយលំបាកលំបិន។ លោកបន្តថា មានសន្តិភាពមានការអភិវឌ្ឍ ប្រទេសជាតិនីមួយៗត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព ទើបមានឱកាសនៅក្នុងការកសាងនូវសមិទ្ធផលនានាជាច្រើន។
លោកបណ្ឌិតបន្តទៀតថា «យើងក្រឡេកមើលទៅប្រទេសអ៊ុយក្រែន និងរុស្ស៊ីកំពុងតែកើតមានសង្រ្គាមជាមួយគ្នា ដែលបង្កទុក្ខលំបាកយ៉ាងក្រៀមក្រំបំផុត ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ខណៈដែលនៅកម្ពុជាយើង បានហែលឆ្លងឆ្អែតឆ្អន់ហើយរឿងធ្វើសង្រ្គាមនេះ ហើយបច្ចុប្បន្ននេះពួកយើងមានសុខសន្តិភាពមានស្ថិរភាព មានការអភិវឌ្ឍមានការរីកចម្រើន។ ដូច្នេះចូរពួកយើងទាំងអស់គ្នារួមគ្នាថែរក្សាការពារសុខសន្តិភាព និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន»។
ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ ក៏បានថ្លែងដែរថា សមិទ្ធផលនេះកើតមានឡើងក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាតែមាត់នោះទេ គឺធ្វើជានិច្ច កសាងជានិច្ច ការពារជានិច្ច បម្រើប្រជាពលរដ្ឋជានិច្ច បម្រើប្រទេសជាតិជានិច្ច ធ្វើយ៉ាងណាប្រឹងប្រែងតស៊ូកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខ និងធ្វើឲ្យពលរដ្ឋមានជីវភាព កាន់តែរីកចំរើនទៅមុខជាលំដាប់ទៅមុខជាដរាប៕