(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បាននិងកំពុងគាំទ្រលើការកសាងសមត្ថភាព ការរៀបចំ និងអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយផ្សេងៗ ជូនដល់មន្រ្តីគ្រប់គ្រងផ្នែកស្តារលទ្ធភាពពលកម្ម របស់មូលនិធិជនពិការថ្នាក់កណ្តាល និងមន្រ្តីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានី-ខេត្ត។ នេះជាការលើកឡើងរបស់លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា នៅក្នុងវគ្គបណ្តុះបណ្តាលមានការជួយសម្របសម្រួលពីកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
នៅក្នុងកម្មវិធីនោះមានការចូលរួមពី លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោកស្រី អាន រូខៀវ ប្រធានកម្មវិធីACCESS ថ្នាក់ដឹកនាំមូលនិធិជនពិការ តំណាងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងអង្គការដៃគូ និងប្រធានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានី-ខេត្ត សរុបអ្នកចូលរួមចំនួន ៣៥នាក់។
លោក Connor Floyd បានបន្តថា ក្រោមកិច្ចសហការណ៍ជាមួយអង្គការ Motivation Australia (MA), កម្មវិធីACCESS បានគាំទ្រដល់មូលនិធិជនពិការក្នុងការរៀបចំគោលការណ៍ណែនាំថ្មី សម្រាប់មជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទា ដែលមាន៦ផ្នែក ដែលកន្លងមកកម្មវិធី ACCESS បានសម្របសម្រួលក្នុងការរៀបចំគោលការណ៍ណែនាំនេះ តាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ដោយផ្ទាល់ ក៏ដូចជាកិច្ចពិភាក្សា តាមប្រព័ន្ធអនឡាញកន្លងមកផងដែរ។
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល នៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងកសាងចំណេះដឹង និងជំនាញដល់គ្រូបង្គោល ដើម្បីអនុវត្តគោលការណ៍ណែនាំសម្រាប់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ពីឆ្នាំ២០១២ ដល់២០២១ មូលនិធិជនពិការ និងអង្គការដៃគូបានផ្តល់សេវាជូនជនពិការដូចជា ផ្តល់អវយវៈសិប្បនិម្មិតនិងរណប ការព្យាបាលដោយចលនា ផ្តល់រទេះរុញនិងរទេះកង់បី និងផ្តល់ឧបករណ៍ជំនួយផ្សេងៗទៀត ជូនដល់អតិថិជនចំនួន២៤៤,៦៥១នាក់ ក្នុងនោះបានផ្តល់អវយវៈសិប្បនិម្មិត និងរណបចំនួន៦២,៥៤១គ្រឿង និងរទេះជនពិការចំនួន១១,៧២៩គ្រឿង ឧបករណ៍ជំនួយការដើរផ្សេងៗទៀតចំនួន៣៣,៣១១គ្រឿង ការព្យាបាលដោយចលនាចំនួន៤៩៥,៧០១ដង។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ការផ្តល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ក៏នៅជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា កង្វះធនធនាមនុស្ស ការយល់ដឹងអំពីសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ពីសំណាក់អ្នកប្រើប្រាស់និងអ្នកពាក់ព័ន្ធនៅមានកម្រិត និងកត្តានៃការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែគាំទ្រដល់វិស័យស្តារលទ្ធភាព ពលកម្មកាយសម្បទានៅកម្ពុជាកន្លងមកនេះ និងស្វាគមន៍សម្រាប់កិច្ចសហការនានាបន្តទៀត៕