(កំពង់ស្ពឺ)៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពដល់សិស្សានុសិស្ស តាមរយៈការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងការប្រើប្រាស់ ទឹកឱ្យបានស្អាត និងមានគុណភាព និងបញ្ចៀសឱ្យឆ្ងាយពីបញ្ហាផ្សេងៗដែលកើតមានឡើងបណ្តាលមកពីការទទួលទានទឹកមិនបានត្រឹមត្រូវ ស្ថាប័ន SOKENSHA អន្តរជាតិ និងស្ថាប័ន Club Eco Water នៃប្រទេសជប៉ុន បានសហការជាមួយសាលារដ្ឋ និងសាលាឯកជន ចុះធ្វើការអប់រំផ្សព្វផ្សាយពីសារៈប្រយោជន៍នៃទឹក ដល់សិស្សានុ សិស្ស ជាច្រើនរយនាក់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការចុះអប់រំផ្សព្វផ្សាយនេះដែរបានធ្វើឡើងនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ នៅបណ្ណាល័យក្រុងច្បារមន ក្រោមវត្តមានលោក Sugnao Masahiro នាយកប្រតិបត្តិ ស្ថាប័ន SOKENSHA អន្តរជាតិ, លោក Shimada Satoshi នាយកប្រតិបត្តិស្ថាប័ន Club Eco Water នៃប្រទេសជប៉ុន និងលោក កេន ចន្ថា នាយកសាលារៀនបញ្ញវន្តអង្គររួមទាំងមានការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លើកឡើងនាឱកាសនោះលោក Shimada Satoshi បានបញ្ជាក់ថា ការថែទាំសុខភាពឲ្យបានល្អ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ហើយដើម្បីឱ្យទទួលបាន សុខភាពល្អការទទួលទានទឹកគឺជារឿងចាំបាច់បំផុត ជាពិសេសនោះការប្រើប្រាស់ទឹក និងទទួលទានទឹកដែលមានសារធាតុរ៉ែគ្រប់គ្រាន់ ពិតជាអាចជួយដល់សុខភាព របស់មនុស្សបានកាន់តែល្អប្រសើរជាងមុនថែមទៀត។

នាឱកាសនោះដែរលោក កេន ចន្ថា ក៏ថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃប្រទេសជប៉ុន ជាពិសេសអង្គការ JICA, CJBI និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ដែលបាននាំស្ថាប័ន SOKENSHA អន្តរជាតិ, Club Eco Water និងសាលារៀនបញ្ញវន្តអង្គរ បានរៀបចំកម្មវិធីស្វែងយល់ពីសារប្រយោជន៍នៃទឹក និងសុខុមាល ភាពកុមារ ដើម្បីផ្ដល់ជាពុទ្ធិដល់ក្នុងការជួយលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាព និងស្រឡាញ់សុខភាព ដល់សិស្សានុសិស្សផងដែរ។

លោក កេន ចន្ថា បានបញ្ជាក់ទៀតថា បន្ទាប់ពីមានការអប់រំណែនាំពីក្រសួងអប់រំយុវជន និងកីឡាករ ក៏ដូចជាក្រសួងសុខាភិបាល សម្រាប់សាលារៀនបញ្ញវន្តអង្គរ តែងតែ បានបន្តអប់រំ និងណែនាំដល់សិស្សានុសិស្សពីការប្រើប្រាស់ទឹក និងការធ្វើអនាម័យដើម្បីការរស់នៅស្អាត។ ជាមួយគ្នានោះនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សាលាតែងតែ បង្រៀនសិស្ស អំពីសុខភាពនៃការបរិភោគម្ហូបអាហារ និងការទទួលទានទឹក ដើម្បីឱ្យពួកគេអាចបរិភោគទឹក និងអាហារដែលមានសុវត្ថិភាព និងដើម្បីបង្កើនចំណេះដឹង របស់ពួកគេអំពីអនាម័យផងដែរ។

សូមបញ្ជាក់ដែរថា ជប៉ុនក្រៅពីការចុះជួយអប់រំផ្សាយពីសារប្រយោជន៍នៃទឹក ក៏ដូចជាការទទួលទានទឹកស្អាត ប្រទេសជប៉ុនក៏តែងតែជួយដល់ប្រទេសកម្ពុជា ក្នុងការសាង សងប្រព័ន្ធទឹកស្អាត ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ (KUSANONE) តាមរយៈអង្គការ ជីវិតថ្លៃថ្នូរផងដែរ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក KURIBAYASHI Takanori លេខាធិការនៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានថ្លែងថា វិស័យទឹកស្អាត និងអនាម័យ ជាវិស័យអាទិភាពមួយនៅក្នុងជំនួយ អភិវឌ្ឍន៍របស់ជប៉ុនសម្រាប់ប្រទេសកម្ពុជា។

លោក KURIBAYASHI Takanori បានបន្តថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះនឹងជួយឱ្យប្រជាជននៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន ដែលនឹងជួយកែលម្អស្ថានភាព សុខភាពរបស់ពួកគាត់។ ដោយរំពឹងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះនឹងត្រូវបានថែរក្សាបានយ៉ាងល្អ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងសហគមន៍ រួមទាំងសិស្សានុសិស្ស អាចបរិភោគទឹកដែលមានសុវត្ថិភាព និងបង្កើតចំណេះដឹងរបស់ពួកគេអំពីអនាម័យផងដែរ៕