(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចចិត្តលុបចោលកាតព្វកិច្ចពាក់ម៉ាស នៅតាមទីកន្លែងបិទជិតភាគច្រើន នៅក្នុងប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២០ ខែមេសានេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ដូច្នេះហើយ វានឹងលែងចាំបាច់ក្នុងការពាក់ម៉ាស នៅក្នុងសាលារៀន ផ្សារទំនើប រោងកុន សារមន្ទីរ បារនីយដ្ឋាន ភោជនីយដ្ឋាន ក្លឹបរាត្រី និងក្លឹបហាត់ប្រាណទៀតហើយ។ លោក Pedro Sanchez បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា «យើងកំពុងឆ្ពោះទៅមុខ ក្នុងការវិលត្រលប់ទៅរកភាពប្រក្រតីមុនពេលមាន ការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះវិញហើយ។ ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យយើងឈានចូលទៅក្នុងដំណាក់កាលថ្មីមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19»

យ៉ាងណាមិញ ការពាក់ម៉ាស នឹងនៅតែត្រូវអនុវត្តនៅតាមកន្លែងសេវាដឹកជញ្ជូនសាធារណៈ និងនៅក្នុងកន្លែងដែលមាន ជនងាយរងគ្រោះជាញឹកញាប់ ដូចជាមណ្ឌលសុខភាព មណ្ឌលថែទាំ មន្ទីរពេទ្យ និងឱសថស្ថាន។ ការពាក់ម៉ាស នឹងនៅតែត្រូវណែនាំឱ្យអនុវត្តនៅក្នុងព្រឹត្តិការណ៍វប្បធម៌ ឬកីឡាដែលទាក់ទាញមនុស្សជាច្រើន។ ក្រសួងសុខាភិបាលអេស្ប៉ាញ បានពន្យល់ថា ការបន្តពាក់ម៉ាស ក៏ត្រូវបានណែនាំឱ្យអនុវត្តផងដែរ សម្រាប់គ្រូបង្រៀនដែលងាយរងគ្រោះ។ ជា «គោលការណ៍ទូទៅ» កាតព្វកិច្ចពាក់ម៉ាស់ នឹងលែងត្រូវអនុវត្តនៅក្នុងកន្លែងធ្វើការទៀតហើយ ប៉ុន្តែក្រសួងបាននិយាយថា និយោជករបស់របស់ក្រុមហ៊ុន អាចធ្វើការសម្រេចចិត្តផ្សេងបាន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអេស៉្បាញ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១១,៧៣៦,៨៩៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៣,៧២១នាក់ និងអ្នកជាសះស្បើយចំនួន ១១,២២០,៩៨១នាក់៕