(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២នេះ បានរៀបចំការប្រឡងអនុវត្តន៍បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំនាញចុងភៅវគ្គទី១។
ការប្រឡងអនុវត្តន៍ គឺជាការប្រឡងក្នុងថ្ងៃទី០២ បន្ទាប់ពីការប្រឡងទ្រឹស្តី ដែលបានប្រព្រឹត្តទៅរយៈពេល ៦០នាទី កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ក្នុងដំណើរការនៃការប្រឡងអនុវត្តន៍នេះ មានសិក្ខាកាមទាំង១០រូប ដែលបានទទួលកាបណ្តុះបណ្តាលរយៈពេល២ខែកន្លងមក លើមុខម្ហូបចំនួន៣៦មុខ រួមមានម្ហូបអឺរ៉ុប អាស៊ី និងអ៊ីតាលី ដែលត្រូវចែកជាពីរវគ្គ។
វគ្គទី១ សិក្ខាកាម ត្រូវរៀបចំចម្អិនម្អូប២មុខ (ក្តៅ និង ត្រជាក់) ដើម្បីដាក់ជូនគណៈកម្មការ វាយតម្លៃ និងផ្តល់យោបល់។ វគ្គទី២ សិក្ខាកាមនឹងដាក់បង្ហាញមុខម្ហូបដែលខ្លួនបានរៀបចំហើយធ្វើបទបង្ហាញលើអត្ថន័យនៃម្ហូបរបស់ខ្លួនជូនគណៈកម្មការវាយតម្លៃ។
ជាងនេះទៅទៀត គណៈកម្មការដែលអញ្ជើញចូលរួមក្នុងការប្រឡងនេះ មាន៣រូប រួមមាន៖ លោកគ្រូ ស័រ សំអាង ជាគ្រូបង្គោល លោកសែន ឫទ្ធី ជាប្រធានចុងភៅ នៃសណ្ឋាគារ The Plantation Urban Resort & Spa និង លោក សុង តេង ជាប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា។
គួរបញ្ជាក់ដែរថា ក្រៅពីការបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតរាជបណ្ឌិត្យសភាកម្ពុជា ក៏មានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំនាញចុងភៅ ក្រឡុកស្រា ក្រឡុកផ្លែឈើ និងឆុងកាហ្វេផងដែរ។
បន្ថែមពីនេះទៀត វគ្គសិក្សាថ្មីនឹងចាប់ផ្តើម នៅថ្ងៃទី២៥ ខែមេសា ខាងមុខនេះហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១២ ៨២៤ ៩២៤៕