(ស្វាយរៀង)៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការកង្វះអនាម័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ និងបង្កឱ្យឆ្លងជំងឺដង្កូវព្រូនជាដើម។
ការថ្លែងបែបនេះ របស់លោកស្រី សឿ សុជាតា បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គន់អនាម័យ និងបរិក្ខាលាងសម្អាតដៃ សាលាបឋមសិក្សាតាស្អាង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២២នេះ។
លោកស្រីបានបន្តថា ការកង្វះអនាម័យនេះដែលក៏ធ្វើឱ្យកុមារមានជំងឺផ្លូវដង្ហើមដូចជាជំងឺកូវីដ១៩ ជាដើម និងបណ្តាលឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងភាពក្រិន បន្ទុចបង្អាក់ដំណើរការលូតលាស់របស់កុមារ ទាំងផ្នែករាងកាយ និងស្មារតី ដោយសារជំងឺរាគ ជំងឺផ្លូវដង្ហើម ស្រួចស្រាល ជំងឺក្រិន ជំងឺខ្វះអាហារូបត្ថម្ភ និងជំងឺភ្នែកក្រហមជាដើម។ ដូច្នេះ សូមអាណាព្យាបាល ឬមាតាបិតាសិស្ស ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួនឱ្យអនុវត្តការលាងសម្អាតដៃឱ្យបានគ្រប់ៗគ្នានៅតាមគ្រួសារ របស់ខ្លួន។
នាឱកាសនោះដែរ លោកស្រី សឿ សុជាតា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF ដែលបានគាំទ្រក្រសួង អប់រំ យុវជន និងកីឡា កន្លងមកបានជួយគាំទ្រកម្មវិធីទឹកស្អាត អនាម័យ និងការគ្រប់គ្រងអនាម័យពេលមករដូវនៅខេត្តចំនួន និងពិសេសជួយកសាងបង្គន់អនាម័យ បរិក្ខលាងសម្អាតដៃ ដល់សាលារៀន ចំនួន៣៤ នៅខេត្តស្វាយរៀង។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការអនុវកម្មវិធីទឹកស្អាត និងការគ្រប់គ្រងអនាម័យនៅតាមសាលារៀន ជាការងារមួយជួយជំរុញបន្ថែមទៀត សម្រាប់ចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរាគ ជំងឺរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលតែងតែកើតឡើង ចំពោះកុមារ ពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។
លោកស្រីបន្ថែមថា បញ្ហាអនាម័យ គឺជាបញ្ហាសំខាន់បំផុតក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តការលាងសម្អាតដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុល ឬអាល់កុលជែល។ ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀននឹងធ្វើឱ្យកុមារមានការផ្លាស់ប្ដូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ។
ជាមួយគ្នានេះ លោកស្រីស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌ ក្រុង ស្រុក និងនាយកសាលារៀនទាំងអស់បន្តជំរុញការបំពាក់សម្ភាររូបត្ថម្ភ ផ្នែកអនាម័យដូចជាបង្គន់ អនាម័យ បន្ទប់ទឹក បរិក្ខារលាងសម្អាតដៃ និងប្រព័ន្ធទឹកស្អាត ឱ្យបានគ្រប់សាលារៀនក្រោមឱវាទរបស់ខ្លួន និងចាត់តាំងឱ្យសិស្សអនុវត្តការលាងសម្អាតដៃនៅគ្រប់វេនសិក្សា។
លោកស្រី សឿ សុជាតា សង្ឃឹមថា ការប្តេជ្ញាចិត្តខិតខំអនុវត្តសកម្មភាពសុខភាពសិក្សារបស់យើងទាំងអស់គ្នា គឺជាការរៀបចំ អនាគតសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីធានាការរស់នៅប្រកបដោយភាពសុខសុវត្ថិភាព និងរុងរឿងរបស់ប្រជាជនគ្រប់រូប ដោយទាំងនេះជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាតាមមុខនាទីរៀងៗខ្លួន។
សូមបញ្ជាក់ថា នៅខេត្តស្វាយរៀង គឺបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលបាន ១០០% នៅតាមបណ្ដាស្រុក ក្រុងនានា ក្នុងខេត្ត គឺមានបង្គន់អនាម័យគ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕