(កំពង់ឆ្នាំង)៖ នៅក្នុងខេត្តកំពង់ឆ្នាំង ថ្វីបើពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល៣ថ្ងៃ បានបញ្ចប់ទៅហើយក្តី ប៉ុន្តែគេនៅតែសង្កេតឃើញនៅតាមភូមិឋានប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងប្រារឰពិធីបែបសប្បាយៗជាបន្តផងដែរ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា តាំងពីបុរាណមកឲ្យតែដល់រដូវចូលឆ្នាំខ្មែរ ដែលរដូវនេះជារដូវ ប្រមូលផលរួចរាល់ ហើយក៏ជារដូវចូលឆ្នាំប្រពៃណីខ្មែរផងនោះ គឺគេចាប់ផ្ដើមលេងតាំងពីមួយខែមុន ពោលលេងតាំងពីខែផល្គុន មានល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង លាក់កន្សែង ទាញព្រាត់ បោះអង្គុញ រាំធន (រាំវង់ រាំក្បាច់ .សារ៉ាវ៉ាន់ ឡាំងលាវ) ។ល។
ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃរួចមក នៅតាមតំបន់មួយចំនួន គេនៅបន្តប្រារព្ធពិធីនេះ ដោយតំបន់ខ្លះលេងរហូតដល់ចប់ខែចែត្រដែលជាខែចូលឆ្នាំក៏មានដែរ។
ចំណែកនៅខេត្តកំពង់ឆ្នាំង នៅក្នុងភូមិដ្ឋានរបស់ប្រជាពលរដ្ឋតាមតំបន់មួយចំនួន ក្រោយថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃរួចមក នៅតាមសាលាបុណ្យ អាស្រម ឬទីអា រាម មួយចំនួន គេបានបន្តប្រារឰពិធីលេងកំសាន្ត ទៅតាមទម្លាប់របស់អ្នកស្រុកភូមិទាំងនេះ គឺមានមកតាំងពីបុរាណកាលមក។
លោកបញ្ជាក់ថា ចំពោះការលេងស្រោចទឹក គឺក៏បានកម្លាយមកពីបុរាណមកដែរ ព្រោះកាលសម័យដើមនៅក្នុងពិធីចូលឆ្នាំខ្មែរ តំបន់មួយចំនួនប្រជាពលរដ្ឋនៅតាមលំនៅឋានតែងតែដងទឹកដាក់ធុង ដាក់ពាងគ្រប់ៗផ្ទះទុកសម្រាប់ ព្រះសង្ឃនិមន្តស្រោចតាមផ្ទះ ដើម្បីសុំសិរីសួស្តី សេចក្តីសុខ សេចក្តីចម្រើន ក្នុងឆ្នាំថ្មី។ តែដោយសារបច្ចុប្បន្នតំបន់ខ្លះពុំមានព្រះសង្ឃនិមន្តស្រោចទឹកតាមផ្ទះ ទើបពួកគាត់បាននាំគ្នាលេងចាក់ទឹក ដើម្បីបង្កើតភាពសប្បាយរីករាយ ដូច្នេះទៅ តែគេមិនលេងតាមដងផ្លូវសាធារណៈនោះទេ ហើយក៏មិនលេងឲ្យជ្រុលពេកនោះដែរ។ លោកថា ចំពោះការលេងម្សៅ តាំងតែពីដើមមកខ្មែរយើងគឺពុំមានលេងឡើយ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបន្តឲ្យដឹងទៀតថា រយៈពេល៣ថ្ងៃកន្លងទៅនេះ ក្នុងខេត្តកំពង់ឆ្នាំង តាមបណ្ដាស្រុក និងនៅតាមទីអារាមជាច្រើនក៏បានរៀបពិធីសង្រ្កានឆ្នាំថ្មីផងដែរ។ ពិសេសក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ដោយបានរៀបចំតុបតែងលម្អនៅតាមទីសាធារណៈមួយចំនួនផងដែរ។
ដោយឡែកនៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុកំពង់ឆ្នាំងក៏បានរៀបចំពិធីសង្ក្រានឆ្នាំថ្មី ដែលមានការអញ្ជើញចូលរួមក្នុងពិធី ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងដឹកនាំលេងកម្សាន្តដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ស្រ៊ន សំរិទ្ធី អភិបាលរងខេត្ត មន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្ត និងមានការអញ្ជើញចូលរួមពីកងកំលាំងប្រដាប់អាវុធទាំង៣យុវជន យុវនារី និងប្រជាពលរដ្ឋសរុបប្រមាណ ១០០០នាក់ បានរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយនៅថ្ងៃបើកពិធីបើកសង្ក្រានឆ្នាំថ្មី ជាថ្ងៃចូលឆ្នាំទី១។ ក្នុងពិធីនោះលោកក៏បានដឹកនាំក្រុមរបាំទៅសម្ដែងជូនគណៈអធិបតី និងភ្ញៀវកិត្តិយសទស្សនា ដោយក្តីសោមនស្សរីករាយ ដោយមានការគាំទ្រពីគណៈអធិបតី និងភ្ញៀវកិត្តិយសផងដែរ៕