(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរចេះទុកដាក់សំរាមបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបបិទបញ្ចប់ទៅនាពេលថ្មីៗនេះ។

ការទុកដាក់សំរាមជាចំណោទបញ្ហាមួយនៅក្នុងសង្គមខ្មែរ ជាពិសេសពេលមានបុណ្យទានធំៗ។ តែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបបិទបញ្ចប់ទៅថ្មីៗនេះ ទោះបីប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្តរហូតដល់ទៅជាង ៥លាននាក់ គេកត់សម្គាល់ឃើញថា តាមតំបន់កម្សាន្តនានាហាក់មិនបានបន្សល់ទុកសំរាមពាសវាលពាសកាលនោះឡើយ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានានៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ការទុកដាក់សំរាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខុសប្លែកពីឆ្នាំមុនៗ មិនថាតែរាជធានីភ្នំពេញនោះទេ គឺនៅគ្រប់ទីកន្លែង។ សម្រាប់សម្តេចតេជោ មានហេតុផល៣ ដែលនាំឱ្យការទុកដាក់សំរាមក្នុងឱកាសបុណ្យចូលឆ្នាំមានភាពល្អប្រសើរ។ ហេតុផលទាំង៣នោះ រួមមាន៖ ប្រជាពលរដ្ឋភ្ញាក់រលឹក និងមានភាពចាស់ទុំលើការទុកដាក់សំរាម, អាជ្ញាធរយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម និងមួយទៀត ក្រុមហ៊ុនប្រមូលសំរាម បានយកចិត្តទុកដាក់ប្រមូលសំរាម។

ក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ បើកការអប់រំផ្សព្វផ្សាយជាច្រើន លើផលអាក្រក់ទាំងឡាយកើតចេញពីសំរាម និងយុទ្ធនាការផ្សេងៗជាច្រើន ជំរុញឱ្យពលរដ្ឋយល់ពីការទុកដាក់សំរាម ដើម្បីរួមចំណែកថែរក្សាសោភ័ណភាពក្នុងសង្គម។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តជំរុញលើការអនុវត្តគោលនយោបាយជាតិគ្រប់គ្រងសំណល់រឹងសំរាមទីប្រជុំជន ដើម្បីគ្រប់គ្រងសំណល់រឹងសំរាមតាមទីប្រជុំជនឱ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់គ្រងអនាម័យបរិស្ថានបានល្អ។

លោកបានបន្តថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជានិច្ចកាល តែងតែបានស្នើសុំឱ្យប្រជាពលរដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ ចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះកាកសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាត នៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕